ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ

នាព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព នៃការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបម្រើឲ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវកំពូលៗជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអះអាងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងមានវិសាលភាពធំទូលាយដែលប្រមូលផ្តុំដោយប្រទេសជាសមាជិកជាង៩០ប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល ដូចជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាអន្តរជាតិសម្រាប់ការពិភាក្សា និងសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងតួនាទីទទួលខុសត្រូវខ្ពស់របស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៅលើឆាកអន្តរជាតិផងដែរ។ សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយស និងឱកាសជាប្រវត្តិសាស្ត្រដោយបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏ធំនេះជាលើកដំបូង ដែលជាសញ្ញាបញ្ជាក់អំពីការជឿទុកចិត្តពីសហគមន៍អន្តរជាតិ និងសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់បែបនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការធានាសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ខ្ពស់បំផុត ដែលមិនអាចឲ្យមានកំហុស ឬការធ្វេសប្រហែសមួយជ្រុងណាបានឡើយ។ សន្តិសុខ នៃព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទងនឹងសុវត្ថិភាពបុគ្គល នៃអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកិត្តិយសជាតិ ភាពជឿជាក់អន្តរជាតិ និងភាពជោគជ័យរួម នៃការរៀបចំព្រឹត្តិការណ៍ទាំងមូល។ បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងបរិបទនេះអនុគណៈកម្មការទី៤ មានតួនាទីជាស្នូលសំខាន់ ក្នុងការរៀបចំផែនការសម្របសម្រួល និងអនុវត្តវិធានការសន្តិសុខយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវធានាឲ្យមានការត្រៀមលក្ខណៈជាមុនគ្រប់បែបយ៉ាង ការប្រមូលព័ត៌មានការវាយតម្លៃហានិភ័យ និងការដាក់ចេញវិធានការបង្ការទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះគ្រប់ស្ថានការណ៍អវិជ្ជមានដែលអាចកើតមាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្នុងពេលកន្លងមកកម្ពុជា ក៏មានបទពិសោធច្រើន និងទទួលបានជោគជ័យជានិច្ចក្នុងការរៀបចំការពារធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់ជាច្រើនដូចជា កិច្ចប្រជុំ IDC(អាយឌីស៊ី) កិច្ចប្រជុំអន្តរជាតិផ្សេងៗ នៅខេត្តសៀមរាប កិច្ចប្រជុំ ICAPP(អាយខេប)+IPTP (អាយភីធីភី)នៅរាជធានីភ្នំពេញ កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្ដថា បទពិសោធទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព វិជ្ជាជីវៈការ សម្របសម្រួលកិច្ចសហការ និងសមត្ថភាពគ្រប់គ្រងសន្តិសុខរបស់កម្ពុជា ក្នុងការធានាឲ្យព្រឹត្តិការណ៍ធំៗប្រព្រឹត្តទៅដោយសុវត្ថិភាព និងជោគជ័យ១០០%៕