ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យអស់ពីកម្ពុជា
រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។
បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត យុទ្ធនាការបោសសម្អាតចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឲ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ កងកម្លាំងនគរនបាលទាំងអស់ រួមទាំងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធ ក្នុងប្រតិបត្តិការកន្លងទៅនេះ។
សូមជម្រាបថា ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២,០៤៤នាក់ ក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។
ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន២,៧២២នាក់៕



