ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ពិសេសនៅតាមទីតាំងសប្បាយដ្ឋាន និងអគារដែលមានហានិភ័យ

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី-ខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យយកចិត្តទុកដាក់នៅតាមទីតាំងសប្បាយដ្ឋាន និងអគារនានាដែលមានហានិភ័យខ្ពស់ ហើយក្លាយជាទីតាំងនៃការលបលួចស្ដុក កែច្នៃ និងចែកចាយគ្រឿងញៀន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅដែលមានហានិភ័យដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងតំបន់មិនរៀបរយជាដើម ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា។ បន្ថែមពីនេះ ត្រូវជំរុញការងារស្រាវជ្រាវស៊ើបអង្កេតស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុកបង្កករឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះ ត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង និងក្រៅប្រទេស។
ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យលើកកម្ពស់សមត្ថភាពជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវគោលដៅលួចលាក់កែច្នៃសារធាតុញៀន។
ដោយឡែក សម្រាប់ថ្នាក់ដឹកនាំដែលដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការ ត្រូវប្រើប្រាស់នូវវិធានការជំនាញ និងបទពិសោធន៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការបង្ក្រាបនោះទទួលបានជោគជ័យ ហើយគ្មានបង្កហានិភ័យ ឬគ្រោះថ្នាក់ណាមួយដល់កងកម្លាំង។ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន គឺសុទ្ធតែមានអាវុធហើយមានចរិកកាចសាហាវ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលសម្រេចបានពេលកន្លងទៅនេះផងដែរ។
សូមជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២៥ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៤៣១២/៣៨១៤ករណី កើន ៤៩៨ករណី ស្មើ ១៣% ឃាត់ខ្លួន ១០,៩៧១/៩,៤១១នាក់ កើន ១,៥៦០នាក់ ស្មើ ១៧% ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣តោន ៩៣៩គីឡូក្រាម/៣តោន ៤២៧គីឡូក្រាម កើន ៥១២គីឡូក្រាម ស្មើ ១៥% និងសារធាតុគីមី ១តោន ៩៩គីឡូក្រាម/១៤គីឡូក្រាម កើន៩៥៨គីឡូក្រាម ស្មើ៦៧៩% រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត ដែក្នុងនោះរួមមាន៖
*ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ២,៦៣០ករណី ឃាត់ខ្លួន ៥,៤៦២នាក់
*ករណីកែច្នៃផលិត ៣ករណី ឃាត់ខ្លួន ២២នាក់
*ករណីដាំដុះដំណាំកញ្ឆា ៥ករណី ឃាត់ខ្លួន ៨នាក់
*ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៤ករណី ឃាត់ខ្លួន២២នាក់
*បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់ខ្លួន១៧នាក់
*ករណីប្រើប្រាស់ ១,៦៥៧ករណី ឃាត់ខ្លួន៥,៤៤០នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន១,១៣៤នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ចំនួន៤,១១៩នាក់ និងធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ ចំនួន១៨៧នាក់។
*ករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំង ចំនួន ៥២ករណី ត្រូវបានបង្រ្កាបចាប់មេក្លោង ចំនួន ៤៩នាក់ ខ្សែរយៈបណ្តាញ ចំនួន ១២៥នាក់ ចាប់យកសារធាតុញៀន សរុប ៣តោន ៨៧៣គ.ក្រ និងសារធាតុគីមីផ្សំ សរុប ១តោន ៩៥គ.ក្រ។
*លទ្ធផលការងារសម្អាតប្រាក់ ករណីធ្ងន់ធ្ងរ ចំនួន ៥២ករណី ចោទបទសម្អាតប្រាក់ ១០ករណី និងករណីធម្មតា ចំនួន ៦៣៣ករណី ចោទបទ សម្អាតប្រាក់ ១ករណី បានឃាត់ទុក និងបង្រ្កកទ្រព្យសម្បត្តិ ៖ រថយន្ត ១១២គ្រឿង, ម៉ូតូ ១,៤៨៨គ្រឿង, គណនីធនាគារ ១០១គណនី៕