នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន នៅតាមបណ្តាមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលជូនជនភៀសសឹក ពិសេសប្រជាពលរដ្ឋចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារ។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់គោលការណ៍ក្នុងការរៀបចំជម្រកចល័តនេះជូនបងប្អូនភៀសសឹក។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ការរៀបចំជម្រកចល័តនេះ មិនត្រឹមតែជាការឆ្លើយតបចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានាថាប្រជាពលរដ្ឋយើងមានជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន»។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្រុមការងារបានខិតខំប្រឹងប្រែងពន្លឿនរហូតសម្រេចរៀបចំរួច និងដំឡើងជម្រកចល័តនេះជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋភៀសសឹកចូលស្នាក់នៅជាបណ្តើរៗ ក្នុងមណ្ឌលសុវត្ថិភាពតាមបណ្តាខេត្តមួយចំនួន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ មានអំណោយផលដែលទទួលជនភៀសសឹកច្រើនគ្រួសារ និងអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាពដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាមានជម្លោះព្រំដែនដែលប្រជាពលរដ្ឋស្លូតត្រង់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
សូមជម្រាបថា គោលការណ៍បន្តរៀបចំជម្រកចល័តនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជា រាជរដ្ឋាភិបាលដែលកើតចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន៕



