ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំជម្រកជូនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំជម្រកជូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងការកោតចំពោះការខិតខំរបស់ ឯកឧត្តម ឌិត ទីណា និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ដូចជា ការផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់ជាបន្តបន្ទាប់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា បើទោះបីស្ថានភាពជម្លោះព្រំដែនបច្ចុប្បន្នស្ថិតក្នុងការអនុវត្តបទឈប់បាញ់, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលនៅតាមបណ្តាមណ្ឌលសុវត្ថិភាព។
ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ខណៈពេលដែលវីរកងទ័ពកំពុងឈរជើងយ៉ាងរឹងមាំនៅតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុត។
សូមជម្រាបថា កាលពីថ្មីៗនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការរៀបចំជម្រកបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹកស្នាក់នៅ៕



