ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចែកជំនួយមនុស្សធម៌របស់ចិនជូនជនភៀសសឹកចំនួន ២,៤០០គ្រួសារ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីចែកជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួនពីរ គឺ ខេត្តបន្ទាយមានជ័យ ចំនួន ១,២០០គ្រួសារ និងខេត្តបាត់ដំបង ចំនួន ១,២០០គ្រួសារនិងមានការចូលរួមពីអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធទាំងបីផងដែរ។

នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនសាធារណរដ្ឋប្រជាមានិតចិន តាមឯកឧត្តម អគ្គរដ្ឋទូត ដែលបានបញ្ជូនជំនួយមនុស្សធម៌មកកាន់កម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹកអំឡុងផ្ទុះជម្លោះព្រំដែនបានកើតឡើងកាលពីខែធ្នូកន្លងទៅ។

ទោះបីបទឈប់បាញ់បានអនុវត្ត, ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថាទៀតថា ការផ្តល់ជំនួយមនុស្សធម៌របស់មិត្តចិននាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្មារតីមិត្តដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលភាគីចិនបានជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងពេលកម្ពុជាប្រឈមនឹងជម្លោះព្រំដែន។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងក្តីរីករាយ ដែលបានចូលរួមប្រគល់សម្ភារៈជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ខណៈសម្ភារៈជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វ៉ាង វិនពីន សូមជូនពរប្រជាជនដែលរងការប៉ះពាល់ដោយជម្លោះព្រំដែននឹងត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស ព្រមទាំងឆ្ពោះទៅរកប្រក្រតីភាពជីវភាពរស់នៅយ៉ាងឆាប់រហ័ស។

ឯកឧត្តម វ៉ាង វិនពីន បានប្រកាសថា ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តារឡើងវិញនូវស្ថានការណ៍ឱ្យដូចពេលមុនផងដែរ។

សូមជម្រាបថា ឯកឧត្តម វ៉ាង វិនពីន ធ្លាប់បានប្រកាសក្នុងពេលជំនួយមនុស្សធម៌លើកទី១ បានដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ថា ចិនបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២ ជួយជនភៀសសឹក ក្នុងទឹកប្រាក់ចំនួន ២០លានយ័ន ស្មើនឹង ២,៨លានដុល្លាអាមេរិក៕