ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញទទួលអំណោយពីសប្បុរសជនសម្រាប់ផ្តល់ជូនកងទ័ពជួរមុខ និងពលរដ្ឋ

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក បាននាំយកគ្រឿងឧបភោគបរិភោគ ស្មើនឹងថវិកា ១៥.០០០ដុល្លា ផ្តល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់ជនភាសសឹក និងកងទ័ពឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន និងអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានមកចុះសួរសុខទុក្ខ និងនាំយកអំណោយរួមជាមួយនិងគ្រឿងឧបភោគបរិភោគនេះ បានបង្ហាញពីទឹកចិត្ត និងការស្រលាញ់រាប់អានទៅលើប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងដែលកំពុងឈរជើង មានស្មារតីក្លាហាន មានការលះបង់ខ្ពស់ ចំពោះជាតិ និងទឹកដី មានភាពស្មោះត្រង់ និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ថ្លែងថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ដើម្បីរួមចំណែកចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេងបាននាំមកនូវសុខសន្តិភាព។

ចំពោះស្បៀងគ្រឿបឧបភោគបរិភោគ ស្មើនឹងថវិកាសរុប ១៥.០០០ដុល្លា ជូនកងទ័ព និងប្រជាពលរដ្ឋជាជនភាសសឹក ដែលបានមកពីការចូលរួមចំណែកពីគ្រប់ទិសទីរួមមាន៖ មីជាតិ ចំនួន៣០០កេស ទឹកបរិសុទ្ធ ៣០០កេស និងទឹកត្រី/ទឹកប្រហុក ចំនួន៣០០កេសផងដែរ៕