ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម ថ្លែងថា ការធ្វេីផ្ទះបណ្តោះអាសន្ន ជូនជនភៀសសឹក គឺជាការគិតគូរលេីជីវិតប្រជាជនខ្មែរ គិតគូរជីវភាព ស្ថេរភាពនៃសេចក្តីសុខផ្លូវចិត្ត និងជាការបញ្ជាក់ជំហមិនបោះបង់ប្រជាជនណាម្នាក់ក្នុងគ្រាលំបាក
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ មានប្រសាសន៍ថា មួយរយ:នេះ ក្រុមប្រឆាំងខាងក្រៅប្រទេស រួមជាមួយនឹងរដ្ឋាភិបាលខុសច្បាប់ ហាក់កំពុងបញ្ចេញយុទ្ធនាការយ៉ាងសកម្មទៅលេីផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វេី និងបានរៀបចំជូនដល់ជនភៀសសឹកដែលត្រូវបានប្រទេសឈ្លានពានកំពុងកាន់កាប់ ដែលមិនអាចឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន។
ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំមិនឆ្ងល់ទេ ថាហេតុអ្វីពួកគាត់តែងមានមតិរិះគន់ ឬចោទប្រកាន់រាជរដ្ឋាភិបាល ព្រោះពួកគាត់ក៏មិនដែលបានធ្វេីអ្វីក្រៅពីនេះ ហេីយពួកគាត់ក៏មិនមែនជាអ្នកនៅផ្ទាល់ជាមួយប្រជាជនខ្មែរយេីងដែលកំពុងលំបាកវេទនា បាត់បង់ផ្ទះសម្បែង ត្រូវរស់នៅដោយលំបាករត់គេចពីភ្លេីងសង្គ្រាម ត្រូវរស់នៅក្នុងជំរំភៀសសឹកជុំគ្នា ក្រោមដំបូលតង់តូច ក្តៅផង រងារផង លំបាកបន្ទប់ទឹកផង និងបរិស្ថានមិនសមរម្យផង តែដេីម្បីរក្សាជីវិត បងប្អូនខ្មែរយេីង គ្មានជម្រេីសនោះទេ។”
ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម បន្តថា រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង រក្សាឱ្យបានសន្តិភាព បញ្ជៀសសង្គ្រាម មិនចង់ប្រយុទ្ធគ្នានោះទេ តែគ្មានជម្រេីសក្រៅពីតដៃការពារខ្លួន ក្នុងរយ:ពេលពីរលេីកនេះ យេីងសុទ្ធតែបានឃេីញសាច់ឈាមស្រស់របស់វីរកងទ័ព តស៊ូគ្រប់សមរភូមិ ពិសេសទីតាំងដែលសត្រូវកំពុងកាន់កាប់ដោយខុសច្បាប់។ ឯកឧត្ដមសង្កត់ធ្ងន់ថា បេីយេីងពិតជាចង់ឱ្យបាត់ដីនេះ តេីយេីងចាំបាច់អ្វី ត្រូវប្រយុទ្ធ និងតស៊ូគ្រប់សមរភូមិ ទាំងយោធា កាទូត និងពិសេសត្រូវប្រយុទ្ធតស៊ូនឹងមតិផ្ទុយយ៉ាងសកម្មបំផុតមួយទៀតរបស់ពួកក្រុមប្រឆាំងគ្រប់រូបភាពដែលតែងជួយសត្រូវឈ្លានពានយេីងទៅវិញ។
ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម អំពាវនាវសូមបងប្អូនខ្មែរយេីង មេត្តាពិនិត្យមេីលទិដ្ឋភាពពីរ ដេីម្បីអាចជាមូលដ្ឋានក្នុងការពិចារណា ថាតេីរាជរដ្ឋាភិបាលកម្ពុជា ពិតជាមិនចង់ការពារទឹកដី ឬថាហេតុអ្វីបានត្រូវចិញ្ចឹមចិត្តតស៊ូគ្រប់យន្តការទាំងយោធា កាទូត និងគ្រប់ទិដ្ឋភាពច្បាប់ទាំងអស់ ដេីម្បីតែជាតិ និងប្រជាជនកម្ពុជា?
១/ ទិដ្ឋភាពទី១៖ ប្រវត្តិសាស្ត្រ ចាប់ពីក្រោយយេីងទទួលបានឯករាជ្យ តេីថៃបានធ្វេីអ្វីខ្លះ និងឈ្លានពានយេីងយ៉ាងណាខ្លះ ហេីយរាជរដ្ឋាភិបាលកម្ពុជា បានឆ្លេីយតប និងប្រេីប្រាស់វិធីសាស្ត្រយ៉ាងណាដេីម្បីទប់ទល់ និងការពារ?
២/ ទិដ្ឋភាពទី២៖ មនោគមវិជ្ជា និងការបណ្តុះស្មារតីជាតិនិយម ឈរលេីផែនទីឯកតោភាគីរបស់គេ សម្រាប់ប្រជាជនគេ ជាពិសេសតែងតែកេីតមានភ្លាម ពេលស្ថានភាពនយោបាយផ្ទៃក្នុងប្រទេសគេមានភាពប្រេះឆា ឬច្របូកច្របល់។
ពាក់ព័ន្ធ និងការសាងសង់ផ្ទះបណ្ដោះអាសន្ន ជូនជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម បានធ្វើការពន្យល់ ៤ចំណុច
ទី១/ ផ្ទះបណ្តោះអាសន្ន គឺជាផ្ទះមិនមែនចែកជូនដោយមានប័ណ្ណកម្មសិទ្ធ គឺសម្រាប់ស្នាក់នៅបណ្តោះអាសន្ន តែអាចមានរយ:ពេលវែងទៅតាមសភាពការណ៍ជាក់ស្តែងនៃការវិវត្ត ព្រោះយេីងច្បាស់ទាំងអស់គ្នាថា សង្គ្រាមនេះ មិនងាយនឹងបញ្ចប់នោះទេ តួយ៉ាងកន្លងទៅ ២០០៨-២០១១ ក៏មានរយ:ពេល ៣ឆ្នាំដែរ។
ទី២/ ផ្ទះបណ្តោះអាសន្ននេះ មិនត្រឹមតែជាផ្ទះ តែជាកន្លែងផ្តល់ការរស់នៅសមរម្យសម្រាប់បងប្អូនខ្មែរ ដែលល្អជាងទុកពួកគាត់រស់នៅក្រោមដំបូលតង់ ជុំគ្នាលំបាកគ្រប់បែបយ៉ាង ពិសេសនឹងផ្តល់ហានិភ័យផ្នែកសុខភាពទាំងរូបកាយ និងសតិអារម្មណ៍
ទី៣/ ផ្ទះបណ្តោះអាសន្ន អាចនឹងក្លាយជាសហគមន៍រស់នៅប្រមូលផ្តុំមួយ ដែលរាជរដ្ឋាភិបាលនឹងផ្តល់ការរួមចំណែកលេីការរស់នៅប្រចាំថ្ងៃ សម្របសម្រួលលេីការប្រកបរបររកស៉ីចិញ្ចឹមជីវិត ពិសេសសាលារៀនសម្រាប់ក្មេងៗ ដែលត្រូវបន្តការសិក្សារបស់ខ្លួន
ទី៤/ ផ្ទះបណ្តោះអាសន្ន គឺជាទីតាំងបង្ហាញសហគមន៍អន្តរជាតិដែរថា អ្នកដែលកំពុងរស់នៅទីនេះ គឺជាជនរងគ្រោះដែលត្រូវបានសត្រូវឈ្លានពាន និងកាន់កាប់ទីតាំងទឹកដីផ្ទះសម្បែងរបស់ពួកគាត់ ហេីយអាចនឹងក្លាយជាភស្តុតាងជំនួយដល់ការវាក្តីរបស់យេីង។
សរុបដោយសង្ខេបវិញ ការធ្វេីផ្ទះបណ្តោះអាសន្ន គឺជាការគិតគូរលេីជីវិតប្រជាជនខ្មែរ គិតគូរជីវភាព ស្ថេរភាពនៃសេចក្តីសុខផ្លូវចិត្ត ហេីយពិសេសបញ្ជាក់ជំហមិនបោះបង់ប្រជាជនណាម្នាក់ក្នុងគ្រាលំបាកនោះទេ ដូចនេះអ្វីដែលរាជរដ្ឋភិបាលត្រូវធ្វេី គឺជួយប្រជាជនខ្មែរជានិច្ច ហេីយភារកិច្ចអាទិភាពមួយទៀត គឺប្រឹងប្រែងគ្រប់មធ្យោបាយក្នុងការការពារទឹកដីខ្មែរ ទោះមិនសូវបង្ហាញមែន តែមិនដែលស្ងៀមនោះទេ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អំពាវនាវសូមបងប្អូនខ្មែរ មេត្តាជឿជាក់ និងអត់ធ្មត់ ហេីយរក្សាជំហរសាមគ្គីជាតិតែមួយ ដេីម្បីកម្ពុជាយេីងក្នុងគ្រាដ៏លំបាកនេះ៕



