ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)»

ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គ.ស.ព.ស.។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងប្រធានមន្ទីរព័ត៌មាននិងមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរដែនដី មន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង ២៥០ នាក់។

វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងបរិបទនៃសង្គមឌីជីថល និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI។

ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននាពេលនេះ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលាចំពោះការបំពុលព័ត៌មាន ឬការបង្កើតព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ និងការពារបរិយាកាសព័ត៌មានសុវត្ថិភាព ត្រឹមត្រូវ និងរក្សាបាននូវស្ថិរភាពសង្គម ទំនុកចិត្តសាធារណៈ ព្រមទាំងសន្តិសុខសណ្តាប់ធ្នាប់ ពិសេសក្នុងការត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន បរិយាកាសព័ត៌មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕