ឯកឧត្តម ទេព អស្នារិទ្ធ៖ ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅសាធារណមតិ សម្រាប់ការរក្សាជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ

ក្រចេះ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ការបញ្ចេញព័ត៌មានពិតទាន់ពេលវេលាមានភាពចាំបាច់ណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការនិងទំនោរទទួលព័ត៌មាននៅក្នុងសម័យឌីជីថលនេះ។ ក្នុងន័យនេះដែរ ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅសាធារណមតិ ដើម្បីធានាសុវត្ថិភាពព័ត៌មាន និងរក្សាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមអ្នកនាំពាក្យលើកឡើងបែបនេះ នៅក្នុងបទអន្តរាគមន៍ស្តីពី ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែសីហា ឆ្នាំ ២០២៥ នៅសាលាខេត្តក្រចេះ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានមកពី ខេត្តក្រចេះ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។
ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំដល់មន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិនៅគ្រប់រាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកបន្ថែមទៀតលើការរៀបចំនិងបញ្ចេញព័ត៌មានពិត មានទឡ្ហីករណ៍ច្បាស់លាស់ ចេញពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនឹងសាច់រឿង ប្រធានបទនីមួយៗ ដើម្បីចៀសវាងកុំឱ្យប្រជាពលរដ្ឋទទួលព័ត៌មានក្លែងក្លាយ ឬព័ត៌មាន ពីប្រភពផ្សេង ដែលផ្សាយព័ត៌មានមិនពិត ឬការផ្សាយបែបញុះញង់ បង្កចលាចល ការរើសអើង ឬបង្កអរិយភាពក្នុងសង្គម។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ក្នុងការអនុវត្តការងាររបស់ខ្លួន មន្ត្រីព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តតាមដានក្តាប់ រាល់ស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរៀបចំបញ្ជីប្រធានបទ ពិសេសប្រមូលព័ត៌មានសំខាន់ៗ ដែលសាធារណមតិកំពុងជជែក ឬចែករំលែកលើបណ្តាញសង្គម។ យន្តការការងារនេះ ត្រូវធ្វើឡើងដោយ ជាប់លាប់ជាប្រចាំ ដើម្បីកំណត់បានច្បាស់អំពីបញ្ហា និងសំណូមពរនានារបស់ពលរដ្ឋ តាមបណ្តាសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន សម្រាប់ការធ្វើការសម្រេចចិត្ត និងការឆ្លើយតបរបស់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំនាញក្នុងខេត្ត សំដៅដោះស្រាយជូនពលរដ្ឋចំបញ្ហា និងឱ្យទាន់ពេលវេលា ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង។ មន្ត្រីមន្ទីរព័ត៌មានត្រូវបង្កើនកិច្ចសហការ និងសម្របសម្រួលការអនុវត្តការងារជាប្រចាំជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។
ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ក្នុងប្រតិបត្តិការណ៍ការងារ ប្រចាំថ្ងៃ មន្ត្រីព័ត៌មាននិងសាធារណមតិមិនត្រូវទុកឱ្យរឿងរ៉ាវណាមួយ ផ្ទុះឡើង ទុកឱ្យបណ្តែតលើបណ្តាញទំនាក់ទំនងសង្គមឡើយ ព្រោះវា អាចបណ្តាលឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មហាជន ឬអាចឈានដល់ធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់ល្អ ធ្វើឱ្យខូចប្រយោជន៍សាធារណៈ ឬបង្កព្យសនកម្ម គ្រោះថ្នាក់ធ្ងន់ធ្ងរជាយថាហេតុដល់សង្គមជាតិទាំងមូល។
សំឡេង៖ «ការងារឆ្លើយតបព័ត៌មានសាធារណមតិត្រូវតែលឿនហើយ មិនរង់ចាំទេ គឺត្រូវធ្វើភ្លាមៗ តាមដានឆ្លើយតប ២៤ម៉ោងលើ២៤ម៉ោង ទៅតាមប្រធានបទនានាកើតឡើងទាំងថ្នាក់ក្រោមជាតិ និងជាតិ ព្រោះនៅក្នុងយុគសម័យនេះប្រជាពលរដ្ឋភាគច្រើនប្រើស្មាតហ្វូនស្ទើរតែគ្រប់ដៃ ងាយទទួលព័ត៌មានចម្រុះទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។»
ឯកឧត្តមបញ្ជាក់ថា នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានប្រជាជនជាង១២លាននាក់កំពុងមានសកម្មលើបណ្តាញសង្គម។ ក្នុងនោះបើយើងពិនិត្យមើលថាត្រឹមតែ មួយភាគបួន ក្នុងចំណោមនេះ ផ្សាយ ឬចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នោះវានឹងធ្វើឱ្យសង្គមយើងមានភាពវឹកវរ ច្របូកច្របល់ អសន្តិសុខ ខូចសណ្តាប់ធ្នាប់ក្នុងការរស់នៅ មិនខាន ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងរក្សាសន្តិភាព។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍តម្រង់ទិសបន្ថែមដល់ សិក្ខាកាមទាំងអស់ អំពីភាពចាំបាច់ក្នុងការរៀបចំ និងអនុវត្តការងារជាប្រព័ន្ធ ដោយមានផែនការច្បាស់លាស់ និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារជាប្រចាំ ដើម្បីលើកកម្ពស់តួនាទីនិងភារកិច្ចរបស់ មន្ទីរប្រសិទ្ធភាព និងគឺជារឿងសំខាន់មួយសម្រាប់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្ត និងបន្សាបព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានរម្លឹកថា ក្នុងបរិបទនៃសង្គមឌីជីថលនេះសំខាន់គឺ ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះមន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវពង្រឹងការអនុវត្តការងារ ដោយត្រូវដុះខាត់ជំនាញជាប្រចាំ ព្រមទាំងចាប់យក់ឱកាសថ្មីៗ ដើម្បីបំពាក់ជំនាញផ្នែកឌីជីថលបន្ថែម និងបច្ចេកទេសក្នុងការគ្រប់គ្រង ប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមាន Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram ។ ជាងនេះទៀត ក្រុមការងារត្រូវពង្រឹងការចងក្រងបណ្តាញព័ត៌មានតាមក្រុង ស្រុក ឃុំ និងបណ្តាញការងារជាមួយអង្គភាពនានាជុំវិញខេត្ត ដើម្បីងាយស្រួលទទួល និងចែកចាយព័ត៌មានថ្មីៗ សេចក្តីជូនដំណឹង និងការផ្សព្វផ្សាយផ្សេងៗ ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចាំបាច់សម្រាប់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យមានប្រសិទ្ធភាព ឱ្យស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕