ឯកឧត្តម ទន់សារ៉ាត ដឹកនាំគណ:ប្រតិភូក្រសួងព័ត៌មាន ចូលរួមកម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ (LMAW) និងកម្មវិធីសប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៧ នៅខេត្តយូណាន ប្រទេសចិន
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទន់សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណ:ប្រតិភូក្រសួងព័ត៌មានទៅកាន់ខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ (LMAW) និងកម្មវិធីសប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៧ ដែលរៀបចំឡើងដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមនៃប្រទេសចិន។ កម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមនៃប្រទេសចិន និងសាលារដ្ឋបាលប្រជាជនខេត្តយូណាន ហើយគិតមកដល់ពេលនេះ បានប្រារព្ធដោយជោគជ័យក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ដែលបានក្លាយជាវេទិកា និងយន្តការដ៏សំខាន់សម្រាប់ការធ្វើឱ្យការផ្លាស់ប្ដូរពហុភាគី និងលើកកម្ពស់ការអភិវឌ្ឍវិទ្យុ ទូរទស្សន៍ និងឧស្សាហកម្មសោតទស្សន៍អនឡាញនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ កាន់តែមានភាពស៉ីជម្រៅ។ កម្មវីធីសោតទស្សន៍ ឡានឆាង-មេគង្គ មានបំណងលើកកម្ពស់វប្បធម៌នៃតំបន់ទន្លេឡានឆាង-មេគង្គ និងគោលគំនិតអំពីសហគមន៍វាសនារួមមនុស្សជាតិ តាមរយៈភាសានៃខ្សែរភាពយន្ត ព្រមទាំងបង្កើតវេទិការសម្រាប់ការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ និងការតាំងពិព័រណ៍អំពីខ្សែភាពយន្តក្នុងតំបន់។
សូមបញ្ជាក់ផងដែរ កម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ (LMAW) និងកម្មវិធីសប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង -មេគង្គ លើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅក្រុងគុនមីង ក្រុងឈូជីង និងតំបន់មួយចំនួនទៀតនៃខេត្តយូណានប្រទេសចិន ដោយសាកល្បងជាលើកដំបូងនូវការប្រារព្ធពិធីបើកសម្ភោធ ការសន្ទនាអំពីការផ្លាស់ប្ដូរធនធានមនុស្ស វគ្គសិក្ខាសាលាសកម្មភាពយកបទសម្ភាស និងទីផ្សារវប្បធម៌ក្នុងពេលដំណាលគ្នា ដើម្បីលើកកម្ពស់ការសន្ទនាជំនាញ និងការផ្លាស់ប្ដូររវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន និងបណ្ដាប្រទេសអាស៉ីខាងត្បូងនិងអាស៉ីអាគ្នេយ៍។



