« ឯកឧត្តម តូច ប៊ុនហួរ ជំរុញឱ្យកសិករខេត្តប៉ៃលិន បង្វែរការដាំដុះទៅជា “កសិកម្មពាណិជ្ជកម្ម” ដើម្បីបង្កើនប្រាក់ចំណូល »

នៅថ្ងៃទី៤ ខែមីនា ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋ​លេខាធិការ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយក​ដ្ឋាន​កសិកម្ម និងលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ចុះពិនិត្យផ្ទាល់នូវការប្រមូលផល និងការកែច្នៃកសិផលក្នុងក្រុង​ប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួប​ម្ចាស់ចម្ការមៀន និងពិនិត្យសង្វាក់ផលិតកម្មមៀនក្រៀម ក្នុងសង្កាត់​ទួលល្វា និងសង្កាត់ប៉ៃលិន  និងបន្តជួបជាមួយអាជីវករប្រមូលទិញ​ស្វាយ​កែវល្មៀត ក្នុងសង្កាត់អូរតាវ៉ៅ ដើម្បីសាកសួរពីស្ថានភាពតម្លៃ និងខ្សែសង្វាក់នៃការនាំចេញ។

ឯកឧត្តម តូច ប៊ុនហួរ បានផ្ដាំផ្ញើដល់មន្ត្រីជំនាញឱ្យបន្តតាមដាន និង​ជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករឱ្យទាន់ពេលវេលា។ ជាពិសេស ត្រូវជំរុញការផ្លាស់ប្តូរទម្លាប់ពី «កសិកម្មបែបធម្មតា» ទៅជា «កសិកម្មពាណិជ្ជកម្ម» ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់​ជីវភាព​​ពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕