ឯកឧត្តម ណុំ ពិសិដ្ឋ ប្រគល់សារតាំងជូនអគ្គទេសាភិបាលអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី អមដោយលោក លឹម សម្បត្តិ ទីប្រឹក្សា លោក សុទ្ធ សុធារៈ អនុព័ន្ធយោធា និង កញ្ញា វឌ្ឍនា នីកា លេខាធិការទី១ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ប្រគល់សារតាំងជូន លោកជំទាវ Sam Mostyn អគ្គទេសាភិបាលខមមិនវៀលនៃប្រទេសអូស្រ្តាលី នៅវិមានរដ្ឋាភិបាល នាទីក្រុងកង់បេរ៉ា។

ក្នុងឱកាសជូនសារតាំង ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំការសួរសុខទុក្ខ និងការជូនពរពីសំណាក់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវអគ្គទេសារភិបាល។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ពីការវិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីដ៏យូអង្វែងរវាងកម្ពុជា និងអូស្រ្តាលី និងបានសំដែងនូវអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលីដែលបានផ្តល់ជំនួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងអណត្តិឯកឧត្តមជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី។