ឯកឧត្តម ណុំ ពិសិដ្ឋ ជួបសម្តែងការគួរសម និងប្រគល់សារតាំងច្បាប់ចម្លង ជូនមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអូស្ត្រាលី

(កង់បេរ៉ា, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Michelle Chan លេខាធិការរងនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។

ក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងវឌ្ឍនភាពជាវិជ្ជមានរវាងកម្ពុជា-អូស្ត្រាលី។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវលេខាធិការរង បានជជែកពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗរួមមាន៖ ១) ការជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ ២) ការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។៣) ការធ្វើបច្ចុប្បន្នភាពអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ណុំ ពិសិដ្ឋ ក៏បានប្រគល់សារតាំងច្បាប់ចម្លង ជូនលោកជំទាវលេខាធិការរង ដើម្បីបន្តនីតិវិធីនៃការបំពេញបេសកកម្មការទូតផ្លូវការ ក្នុងគោលដៅលើកកម្ពស់ផលប្រយោជន៍ជាតិ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕