ឯកឧត្តម ឌឿន សុវណ្ណ អញ្ជើញចុះពិនិត្យកង្វះខាត សំណេះសំណាល និងនាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមជំរំភៀសសឹកក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ

ឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យកង្វះខាត និងសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ ព្រមទាំងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលនៅតាមជំរំភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហាររួមមាន ទីសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម, វត្តទួលអណ្តែត, វត្តត្រាវកៀត, វត្តពើងអង្គាម, វត្តពើងព្រះគោ ដើម្បីដឹងពីទុក្ខលំបាក កង្វះខាត ព្រមទាំងបញ្ហាដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រឈម ដើម្បីរាយការណ៍ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រៀបចំផែនការចុះមកសម្របសម្រួល និងដោះស្រាយបញ្ហាដែលបងប្អូនកំពុងជួបប្រទះនូវតាមជំរំភៀសសឹក។
ក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនភៀសសឹកក្នុងពេលដ៏លំបាកនេះ។ ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាននៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ ដែលបានរៀបចំប្រព័ន្ធទឹកស្អាត សម្រាប់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ និងបានរៀបចំធុងសំរាមបានល្អ ដែលជួយដល់ការថែរក្សាអនាម័យដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការជម្ងឺឆ្លងនានា ក៏ដូចជារួមចំណែកការពារបរិស្ថានផងដែរ។ ក្នុងនោះ ឯកឧត្តម ឌឿន សុវណ្ណ ក៏សូមឱ្យអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះសុខទុក្ខ និងផលលំបាកនានារបស់បងប្អូន រហូតបងប្អូនអាចវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ ជាមួយគ្នានេះ សូមបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាសុខភាពឱ្យបានល្អ រហូតដល់ស្ថានការណ៍វិលត្រលប់ទៅធម្មតាឡើងវិញ។ ឯកឧត្តមបានបន្តថា ក្នុងកាលៈទេសៈនេះ បងប្អូនកំពុងជួបប្រទះនូវការលំបាក ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិឋាន ទ្រព្យសម្បត្តិ មុខរបរ និងអាជីវកម្មផ្សេងៗ ប៉ុន្តែការលំបាកនិងទុក្ខសោករបស់បងប្អូន ក៏គឺជា ទុក្ខសោកនិងការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ជាតិខ្មែរយើងទាំងអស់គ្នា ក្នុងស្មារតីជាប្រជាជាតិតែមួយ។
ឯកឧត្តម ឌឿន សុវណ្ណ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។
សូមជម្រាបជូនថា អំណោយដែលឯកឧត្តមបាននាំមកចែកជូនដល់បងប្អូននៅតាមជំរំភៀសសឹកនាពេលនេះរួមមាន ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ នំUN ទាហាន ព្រមទាំងសំលៀកបំពាក់ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធនិង ប្រជាពលរដ្ឋភៀសសឹកប្រើប្រាស់តាមតម្រូវការ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឌឿន សុវណ្ណ បានជួបប្រជុំផងដែរជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ស្ដីពីផែនការដែលសម្រេចបានក្នុងការជួយសម្របសម្រួលដល់បងប្អូននៅតាមជំរំ និងកង្វះខាតប្រឈមក្នុងពេលអនាគត។
ថ្លែងក្នុងពិធីជួបប្រជុំ ឯកឧត្តម គីម រិទ្ធី បានលើកឡើងពីផែនការដែលសម្រេចបាន ក្នុងនោះបានសាងសង់ និងបំពាក់ឧបរករណ៍ សម្ភារសំខាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ នៅតាមណ្ឌលនីមួយៗ រួមមាន៖ បន្ទប់ស្តង់ដារសរុបចំនួន ១៣ខ្នង (វត្តពោធិ៍៥០០០ដើម ៧ខ្នង និងតាមណ្ឌលសុវត្ថិភាព ៦ខ្នង) រោងបុណ្យចំនួន ២ខ្នង (នៅវត្តពោធិ៍ ៥០០០ដើម) ឧបរណ៍ចម្លោះទឹកស្អាត ៧កន្លែង (រដ្ឋបាលខេត្តបំពាក់ ៤កន្លែង និងអង្គការការីតាស ៣ន្លែង) ភ្ជាប់បណ្តាញទឹកប្រើប្រាស់បានគ្រប់គោលដៅមណ្ឌលសុវត្ថិភាព និងភ្ជាប់បណ្តាញអគ្គិសនី ប្រើប្រាស់បានគ្រប់គោលដៅមណ្ឌលសុវត្ថិភាព។
ជាការឆ្លើយតប ឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពនីមួយៗនាពេលកន្លងមក៕