ឯកឧត្តម ឈួរ សុបញ្ញា : អតីតយុទ្ធជន គឺជាវិរះជនដែលបានឈរនៅមុខសេចក្តីស្លាប់ ដើម្បីឱ្យប្រជាជាតិឈរនៅក្រោយសន្តិភាព
ខេត្តកំពង់ស្ពឺ:នៅវេលារសៀលថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសខួបលើកទី៤៧ឆ្នាំ ទិវាជ័យជំនៈ ៧ មករា ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា និងក្រុមប្រឹក្សាឃុំដំណាក់រាំងបានចុះជួបសួរសុខទុក្ខជាមួយលោក សា គឹមសាន អតីតយុទ្ធជនកងកាំភ្លើងធំ ដែលកំពុងជំងឺលើសសម្ពាធឈាម និងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពររបស់សម្តេចទាំងទ្វេរ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះលោកពូ សា គឹមសាន និងក្រុមគ្រួសារផងដែរ។ ព្រមជាមួយគ្នានោះផងដែរ ក្រុមការងារក៏បាននាំយកនូវថវិកាមួយចំនួនរបស់ក្រុមកាងារ និងរូបថតរួមគ្នារបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានថតកាលពីកម្មវិធីដឹងគុណចំពោះនិវត្តជននិងអតីយុទ្ធជនកន្លងមក។
ឯកឧត្តមបានរំលឹកថា អតីតយុទ្ធជន គឺជាមនុស្សដែលបានឈរនៅមុខសេចក្តីស្លាប់ ដើម្បីឲ្យប្រជាជាតិឈរនៅក្រោយសន្តិភាព។ ឈាម សាច់ កាយ និងយុវវ័យរបស់ពួកគាត់ត្រូវបានដាក់ជាថ្លៃដើមសម្រាប់ឯករាជ្យភាព អធិបតេយ្យភាព និងសន្តិភាព ដែលយើងកំពុងរស់នៅថ្ងៃនេះ។ សន្តិភាពមិនបានមកដោយចៃដន្យទេ ប៉ុន្តែមកពីការពលិកម្មពិតប្រាកដលើសមរភូមិពិត។
ឯកឧត្តមបន្តទៀតថា ការចុះសួរសុខទុក្ខអតីតយុទ្ធជននៅមូលដ្ឋាន គឺជាសក្ខីកម្មយ៉ាងច្បាស់របស់អ្នកជំនាន់ក្រោយ និងតាមអនុសាសន៍របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ថា យើងទាំងអស់គ្នាមិនភ្លេចអ្នកដែលបានជួយសង្គ្រោះជាតិឡើយ មិនថាពួកគាត់រស់នៅក្នុងផ្ទះធំ ឬផ្ទះតូច មិនថាសុខស្រួល ឬប្រឈមទុក្ខលំបាកក្តី គឺថាការចងចាំ និងការថែរក្សាគឺត្រូវធ្វើជានិច្ច មិនមែនធ្វើតែពេលមានព្រឹត្តិការណ៍នោះឡើយ។ ការផ្សារភ្ជាប់សុខទុក្ខ មិនមែនជាការផ្តល់អំណោយមួយដងហើយបញ្ចប់ទេ ប៉ុន្តែជាការចងខ្សែស្មារតីជាតិឲ្យជាប់លាប់រវាងអតីតកាល បច្ចុប្បន្ន និងអនាគត។ វាជាការបំលែងពាក្យ «ដឹងគុណ» ទៅជាសកម្មភាព និងបំលែងពាក្យ «ចងចាំ» ទៅជាការទទួលខុសត្រូវជាក់ស្តែង។
សម្រាប់យើងខ្ញុំជាយុវជនជំនាន់ក្រោយ នេះជាមេរៀនធំមួយថា ការផ្សារភ្ជាប់សុខទុក្ខអតីតយុទ្ធជន គឺជាការបន្តស្មារតីដឹកនាំជាតិ ស្មារតីមិនភ្លេចអតីតកាល ដើម្បីការពារបច្ចុប្បន្ន និងធានាអនាគត។ វាជាសន្យាប្រកបដោយសីលធម៌របស់យើងទាំងអស់គ្នា ក្នុងនាមជាកូនខ្មែរ ត្រូវចងចាំជានិច្ច និងថែរក្សាវិរៈភាពអ្នកលះបង់ ឱ្យក្លាយជាពន្លឺដឹកនាំជាតិទៅមុខដោយសន្តិភាព សាមគ្គីភាព និងឯកភាពយូរអង្វែង។



