ឯកឧត្តម ឈួរ សុបញ្ញា : សោកស្តាយការបាត់បង់មន្ត្រីជំនាន់ចាស់មួយរូប ដែលបានលះបង់ជីវិតបម្រើវិស័យធម្មការ និងសាសនា
ខេត្តកំពង់ចាម-ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកបច្ច័យចូលរួមបុណ្យសពលោកមហាឧបាសក និន ស៊ីណាត បានទទួលមរណភាពនៅថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៖១៥ នាទីយប់ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ដែលបានកំពុងប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋានសពស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឯកឧត្តមមានប្រសាសន៍ថា ដំណឹងនៃការទទួលមរណភាពរបស់លោកមហាឧបាសក និន ស៊ីណាត អតីតអនុប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានធ្វើឱ្យសហការី មិត្តភក្តិ ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើន មានអារម្មណ៍សោកស្តាយ និងអាឡោះអាល័យយ៉ាងក្រៃលែង។ ការចាកចេញរបស់លោកមហាឧបាសក មិនត្រឹមតែជាការបាត់បង់សមាជិកជាទីគោរពស្រឡាញ់ម្នាក់ក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់មន្ត្រីជំនាន់ចាស់មួយរូប ដែលបានលះបង់ជីវិតបម្រើ វិស័យធម្មការ និងសាសនា និងការងារសង្គមជាតិអស់មួយជីវិត។ក្នុងអំឡុងពេលបំពេញភារកិច្ចការងារ លោកមហាឧបាសក និន ស៊ីណាត តែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ សុចរិតភាព និងការលះបង់ដោយស្មោះត្រង់ក្នុងការបម្រើសង្គម។ លោកបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញសកម្មភាពសាសនា ការអប់រំសីលធម៌សង្គម និងការពង្រឹងសុខដុមនីយកម្មសាសនា ក្នុងគោលបំណងឱ្យសង្គមមានភាពសុខសាន្ត សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។លោកគឺជាមនុស្សដែលមានភាពសាមញ្ញ ប៉ុន្តែពោរពេញដោយឆន្ទៈ និងទឹកចិត្តសាធារណៈ ក្នុងការជួយលើកកម្ពស់តម្លៃសាសនា និងការរស់នៅដោយគុណធម៌ក្នុងសង្គម។ ការខិតខំប្រឹងប្រែង និងការលះបង់របស់លោក បានក្លាយជាគំរូល្អសម្រាប់មន្ត្រីជំនាន់ក្រោយ និងជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់អ្នកដែលធ្លាប់ធ្វើការជាមួយលោក។
ព្រះពុទ្ធបរមគ្រូបានត្រាស់ថា៖«អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ»សង្ខារទាំងឡាយមិនទៀង មានការកើតឡើង ហើយក៏ត្រូវរលត់ទៅវិញជាធម្មតា។ នេះជាសច្ចធម៌ដ៏ជ្រាលជ្រៅនៃជីវិតដែលសត្វលោកទាំងឡាយមិនអាចគេចផុតបានឡើយ។ ជីវិតមនុស្សគ្រប់រូប សុទ្ធតែស្ថិតក្រោមច្បាប់ធម្មជាតិ នៃ ជាតិ ជរា ព្យាធិ និងមរណៈ ដែលជាវដ្តសង្សារដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ដោយមិនអាចជៀសវាងបាន។ ទោះបីជារូបកាយរបស់មនុស្សត្រូវរលាយទៅតាមកាលវេលាក៏ដោយ ប៉ុន្តែ គុណធម៌ សេចក្ដីល្អ និងគុណបំណាច់ដែលបានសាងទុកក្នុងជីវិត នឹងនៅតែស្ថិតស្ថេរ ក្នុងការចងចាំរបស់អ្នកជំនាន់ក្រោយ។ជីវិតដែលបានលះបង់ដើម្បីសង្គម សាសនា និងប្រយោជន៍សាធារណៈ គឺជាមរតកនៃតម្លៃសីលធម៌ ដែលបន្តបំភ្លឺផ្លូវដល់អ្នកដទៃ ទោះបីម្ចាស់ជីវិតបានលាចាកលោកនេះទៅហើយក៏ដោយ។
ក្នុងឱកាសដ៏សោកសៅនេះ ឯកឧត្តមសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងឧទ្ទិសកុសលផលបុណ្យទាំងឡាយ សូមជាឧបការៈដល់វិបាកវិញ្ញាណក្ខន្ធ លោកមហាឧបាសក និន ស៊ីណាត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។



