ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយសាលាអនុគណក្រុងច្បារមន បន្តចុះថ្វាយបង្គំលើកទឹកព្រះទ័យព្រះសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាវត្តអង្គប្រាសាទ ដើម្បីពង្រឹងពុទ្ធិកសិក្សា និងការកសាងធនធានព្រះសង្ឃជំនាន់ក្រោយ

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីការចុះសួរសុខទុក្ខសាលាពុទ្ធិកបឋមសិក្សាវត្តចំណារាមរួចមក ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនារួមជាមួយសាលាអនុគណក្រុងច្បារមនបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃសាលាពុទ្ធិកបឋមសិក្សាវត្តអង្គប្រាសាទស្ថិតក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។ សាលាពុទ្ធិកបឋមសិក្សាវត្តអង្គប្រាសាទ បច្ចុប្បន្នមានសមណសិស្សចំនួន ៧១ ព្រះអង្គ សិក្សាក្នុង ៣ថ្នាក់ ដែលកំពុងខិតខំសិក្សារៀនសូត្រព្រះធម្មវិន័យ និងចំណេះដឹងនានា ដើម្បីត្រៀមខ្លួនជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ក្នុងឱកាសនោះ ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន បានមានព្រះដីកាកោតសរសើរដល់ព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្សទាំងអស់ ដែលបានខិតខំពុះពាររៀនសូត្រ អត់ធ្មត់តស៊ូក្នុងការសិក្សាព្រះធម៌ ព្រះវិន័យ និងថែរក្សាវិន័យសង្ឃបានយ៉ាងល្អប្រសើរ ស្របតាមព្រះពុទ្ធប្បញ្ញត្តិ។ព្រះអង្គបានមានថេរដីកាបញ្ជាក់ថា សមណសិស្សទាំងអស់គឺជា ទំពាំងស្នងឫស្សីនៃព្រះពុទ្ធសាសនា និងជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងការថែរក្សា ការពារ ផ្សព្វផ្សាយ និងអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ សមណសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះទាំងផ្នែកព្រះធម៌ ព្រះវិន័យ ភាសាបាលី និងចំណេះដឹងទូទៅ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃដែលមានទាំងសីល មានទាំងបញ្ញា និងមានសមត្ថភាពបម្រើសង្គម។ ព្រះសីលធម្មវង្សាក៏បានមានព្រះដីកាផ្តាំផ្ញើឱ្យសមណសិស្សទាំងអស់យកចិត្តទុកដាក់លើការសិក្សា ការគោរពវិន័យ ការគោរពព្រះឧបជ្ឈាយ៍ ព្រះអាចារ្យ និងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈ កតញ្ញូ និងខន្តី ជាគ្រឹះនៃការកសាងខ្លួន។ ព្រះអង្គបានបញ្ជាក់ថា សមណសិស្សដែលមានសីលធម៌ មានការដឹងគុណ និងមានភាពអត់ធ្មត់ តែងតែទទួលបានការគោរពស្រឡាញ់ពីសង្គម និងអាចក្លាយជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក និងការថ្វាយបង្គំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេនចំពោះព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្សទាំងអស់។ ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា ព្រោះពុទ្ធិកសិក្សាគឺជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលប្រកបដោយសីលធម៌ បញ្ញា និងមនសិការទទួលខុសត្រូវចំពោះសង្គម។

ឯកឧត្តមបានលើកឡើងប្រគេនថា ពុទ្ធិកសិក្សា គឺជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ព្រោះជាប្រភពនៃការរក្សាទុក ការសិក្សា និងការផ្សព្វផ្សាយព្រះសទ្ធម្មឱ្យបានគង់វង្សពីមួយជំនាន់ទៅមួយជំនាន់។ ប្រសិនបើពុទ្ធិកសិក្សារីកចម្រើន នោះព្រះពុទ្ធសាសនាក៏រីកចម្រើនដែរ ហើយប្រសិនបើពុទ្ធិកសិក្សាចុះខ្សោយ នោះការរីកចម្រើនរបស់ព្រះពុទ្ធសាសនាក៏អាចប្រឈមនឹងឧបសគ្គផងដែរ។ ឯកឧត្តមផ្តាំផ្ញើដល់សមណសិស្សឱ្យបន្តខិតខំសិក្សាទាំងផ្នែកព្រះធម៌ ព្រះវិន័យ និងចំណេះដឹងទូទៅ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សច្ចៈ កតញ្ញូ និងខន្តី ជាគ្រឹះនៃការកសាងខ្លួន។ ឯកឧត្តមបានគូសបញ្ជាក់ថា សមណសិស្សដែលមានសីល មានបញ្ញា និងមានការតស៊ូព្យាយាម គឺជាកម្លាំងដ៏សំខាន់ក្នុងការបន្តថែរក្សា និងផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ខ្ញុំសូនលើកទឹកចិត្តឱ្យសមណសិស្សយកចិត្តទុកដាក់លើការសិក្សា ការគោរពវិន័យ និងការអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃជំនាន់ថ្មី ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងអាចចូលរួមបម្រើព្រះពុទ្ធសាសនា និងប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។

ព្រះនាយកសាលាបានមានព្រះដីកាកោតសរសើរ និងអរព្រះគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងក្រុមការងារ ដែលបានចំណាយពេលវេលាចុះសួរសុខទុក្ខ និងគាំទ្រដល់សាលាពុទ្ធិកសិក្សា។ ព្រះអង្គបានមានព្រះដីកាថា ការគាំទ្រពុទ្ធិកសិក្សា គឺជាការគាំទ្រដល់អនាគតព្រះពុទ្ធសាសនា និងការកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមការងារក៏បាននាំយក គ្រឿងទេយ្យទាន សម្ភារសិក្សា និងប្រគេនបច្ច័យចំនួន ៥០០,០០០ រៀល ដល់សាលាពុទ្ធិកបឋមសិក្សាវត្តអង្គប្រាសាទ ដើម្បីចូលរួមគាំទ្រដល់ការបណ្តុះបណ្តាល និងការសិក្សារបស់សមណសិស្ស។