ឯកឧត្តម ឈួរ សុបញ្ញា : យុវជនដែលមានទាំងចំណេះដឹង វិន័យ និងគុណធម៌ គឺជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ១៥ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានសហការជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ព្រះបិតាឯករាជ្យ ស្ថិតនៅក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រៀបចំកម្មវិធី អប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថតាមមាគ៌ាព្រះពុទ្ធសាសនា ដោយមានការចូលរួមពី ព្រះរតនឃោសញាណ ហាវ ដាយ៉ាន ព្រះធម្មធរអនុគណស្រុកគងពិសី តំណាងព្រះឧត្តមមុនីវង្សា សូរ ច័ន្ទ ព្រះគ្រូអនុគណស្រុកគងពិសី, ឯកឧត្តម ថេង បញ្ញាធន អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃញាតិ, លោកជំទាវ ជិន សំនៀង សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោក ផាត សុផល អភិបាលរងស្រុកគងពិសី, លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកគងពិសី ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៥០០រូប។កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌ និងមនសិការទទួលខុសត្រូវរបស់សិស្សានុសិស្ស ដោយយកគោលការណ៍ព្រះពុទ្ធសាសនាជាមូលដ្ឋានក្នុងការអប់រំចិត្ត គំនិត និងអាកប្បកិរិយា ដើម្បីឱ្យយុវជនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ថេង បញ្ញាធន បានលើកឡើងថា ការអប់រំគឺជាគន្លឹះសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចេះប្រើប្រាស់ចំណេះដឹងដើម្បីបម្រើសង្គម និងប្រទេសជាតិ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីអប់រំសីលធម៌បែបនេះ ដែលរួមចំណែកបណ្តុះមនុស្សឱ្យមានទាំងចំណេះដឹង និងគុណធម៌។

ដោយឡែក លោកជំទាវ ជិន សំនៀង បានលើកឡើងថា យុវជនគឺជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះការកសាងចរិយាសម្បទា និងសីលធម៌ គឺមានសារៈសំខាន់មិនចាញ់ការសិក្សាចំណេះដឹងឡើយ។ លោកជំទាវបានអំពាវនាវឱ្យសិស្សានុសិស្សគោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ មានវិន័យ និងប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត។

ក្នុងធម្មបរិយាយរបស់ ព្រះគវេសកោ មាស ចន្ថា ព្រះចៅអធិការវត្តអង្គតាភេម ព្រះអង្គបានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាបង្រៀនឱ្យមនុស្សស្គាល់ខ្លួនឯង និងចេះគ្រប់គ្រងកាយ វាចា ចិត្ត។ ព្រះអង្គបានដាស់តឿនឱ្យសិស្សានុសិស្សខិតខំធ្វើអំពើល្អ ប្រព្រឹត្តតាមគន្លងសីលធម៌ និងចៀសវាងអំពើដែលនាំឱ្យខ្លួនឯង និងសង្គមទទួលរងផលប៉ះពាល់។

ជាមួយគ្នានោះ ព្រះរតនឃោសញាណ ហាវ ដាយ៉ាន ព្រះធម្មធរអនុគណស្រុកគងពិសី បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនា គឺជាសាសនានៃការអប់រំ និងការអភិវឌ្ឍមនុស្សពីខាងក្នុង។ ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា ការអប់រំដ៏ពិតប្រាកដ គឺត្រូវធ្វើឱ្យមនុស្សមានទាំងចំណេះដឹង សីលធម៌ និងមនសិការទទួលខុសត្រូវ។ ព្រះអង្គបានដាស់តឿនសិស្សានុសិស្សឱ្យគោរពវិន័យសាលារៀន គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ខិតខំសិក្សារៀនសូត្រ និងចៀសវាងអំពើអបាយមុខនានា ដែលអាចបំផ្លាញអនាគតរបស់ខ្លួន។

ដោយឡែកក្នុងបទបង្ហាញក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

👉១. ចរិយាសម្បទា គឺជាមូលដ្ឋាននៃភាពជាមនុស្សល្អ

      – មនុស្សមានចំណេះដឹងខ្ពស់ ប៉ុន្តែខ្វះចរិយាសម្បទាអាចក្លាយជាបញ្ហាសម្រាប់សង្គម។

       – ចរិយាសម្បទា គឺជាការប្រព្រឹត្ត ការនិយាយ និងការគិតដោយត្រឹមត្រូវ ស្របតាមសីលធម៌ និងគុណតម្លៃសង្គម។

       – ភាពជោគជ័យពិតប្រាកដ មិនវាស់ត្រឹមសញ្ញាបត្រទេ ប៉ុន្តែវាស់តាមឥរិយាបថ និងការរស់នៅជាមួយអ្នកដទៃ។

👉២. អង្គ ៤ នៃការសិក្សា (សុ ចិ បុ លិ) ជាគន្លឹះនៃភាពជោគជ័យ។ មនុស្សទាំងឡាយដែលអនុវត្តបានល្អនូវគោលការណ៍ «សុ ចិ បុ លិ» នឹងក្លាយជាសិស្សពូកែ និងជាមនុស្សដែលចេះរៀនពេញមួយជីវិត។

      – សុ (ស្តាប់)៖ ស្តាប់ដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអ្នកមានបទពិសោធន៍។

      – ចិ (គិត)៖ ចេះពិចារណា វិភាគ និងស្វែងយល់ពីហេតុផល។

      – បុ (សួរ)៖ ហ៊ានសួរនូវអ្វីដែលមិនទាន់យល់ ដើម្បីបង្កើនចំណេះដឹង។

      – លិ (កត់ត្រា)៖ ចេះកត់ចំណាំ និងរៀបចំចំណេះដឹងឱ្យមានរបៀបរៀបរយ។

👉៣. វិន័យផ្ទាល់ខ្លួន ជាគ្រឹះនៃភាពជោគជ័យ ដោយការកសាងខ្លួនត្រូវចាប់ផ្តើមពីការមានវិន័យផ្ទាល់ខ្លួន ដោយផ្តោតលើចំណុចសំខាន់ ៤៖

      – ការគ្រប់គ្រងពេលវេលា៖ ចេះបែងចែកពេលវេលាសម្រាប់ការសិក្សា ការសម្រាក និងការជួយគ្រួសារ។

      – ការគ្រប់គ្រងអារម្មណ៍៖ ចេះទប់ចិត្ត មិនឆាប់ខឹង មិនប្រើអំពើហិង្សា និងចេះដោះស្រាយបញ្ហាដោយសន្តិវិធី។

       – ការទទួលខុសត្រូវលើខ្លួនឯង៖ ទទួលខុសត្រូវចំពោះការសិក្សា អាកប្បកិរិយា និងអនាគតរបស់ខ្លួន។

       – ការចៀសវាងអបាយមុខ៖ មិនពាក់ព័ន្ធគ្រឿងញៀន ស្រា ល្បែងស៊ីសង អំពើហិង្សា និងឥទ្ធិពលអវិជ្ជមានពីបណ្តាញសង្គម។

👉 ៤. ការរក្សាគុណធម៌ សច្ចៈ កតញ្ញូ និងខន្តី ។ មនុស្សផងទាំងឡាយដែលមានគុណធម៌ទាំងបីនេះ នឹងអាចឈរជើងបានរឹងមាំក្នុងជីវិត និងទទួលបានការគោរពពីសង្គម។

       – សច្ចៈ៖ ភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ។

       – កតញ្ញូ៖ ស្គាល់គុណ និងតបស្នងគុណឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងអ្នកមានគុណ។

        – ខន្តី៖ ការអត់ធ្មត់ តស៊ូ និងមិនបោះបង់ចោលគោលដៅ។

👉 ៥. ការចេះសំពះតាមទំនៀមទម្លាប់ខ្មែរ ៥ យ៉ាង ដែលជាអត្តសញ្ញាណជាតិខ្មែរ។ ការចេះសំពះត្រឹមត្រូវ គឺជាសញ្ញាបង្ហាញពីការអប់រំល្អ និងភាពជាកូនខ្មែរដែលថែរក្សាប្រពៃណីជាតិ។ការសំពះទាំង ៥ ប្រភេទ គឺម្រាមទាំង១០ លើកឡើងផ្គុំប្រណមជាផ្កាឈូកក្រពុំ ឱនក្បាលចុះបន្តិច និងលើកដៃប្រណមតាមរបៀបរួមមាន៖

ក. ដៃផ្គុំដាក់ត្រឹមដើមទ្រូង : សំពះអ្នកមានវ័យ ឋានៈស្មើគ្នា មិត្តភក្តិ ឬឋានៈទាបជាង។

ខ. ចុងម្រាមដៃផ្គុំដាក់ត្រឹមមាត់ : សំពះអ្នកមានវ័យចាស់ជាង ឬឋានៈខ្ពស់ជាង និងចៅហ្វាយនាយ។

គ. ចុងម្រាមដៃផ្គុំដាក់ត្រឹមចុងច្រមុះ : សំពះឪពុកម្តាយអ្នកអាណាព្យាបាល ជីដូនជីតា និងគ្រូបាធ្យាយ 

ជាដើម ។

ឃ. ចុងម្រាមដៃដាក់ចំប្រជុំចិញ្ចើម:សំពះព្រះសង្ឃនិងព្រះមហាក្សត្រ។

ង. ផ្គុំម្រាមមេដៃដាក់ត្រឹមប្រជុំចិញ្ចើមឡើងលើ : សំពះព្រះរតនត្រ័យ ព្រះព្រហ្ម ទេវតា និងការបួងសួងផ្សេងៗ ។

ជាចុងក្រោយ ឯកឧត្តមក៏បានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ខិតខំសិក្សារៀនសូត្រ គោរពវិន័យ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ចេះរស់នៅប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវ។ យុវជនត្រូវត្រៀមខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ដែលមានទាំងចំណេះដឹង ជំនាញ វិន័យ និងគុណធម៌ ដើម្បីចូលរួមកសាងសង្គម និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។