ឯកឧត្តម ឈួរ សុបញ្ញា : ពិធីសូធ្យព្រះត្រៃបិតក គឺជាយានដើម្បីរំលឹកគុណ និងបម្លែងទ្រឹស្តីក្នុងព្រះត្រៃបិដកខ្មែរ ពីអត្ថបទសាសនាទៅជាគន្លងអនុវត្តក្នុងសង្គម បណ្តុះមនុស្សល្អ បង្កើតគ្រួសារល្អ និងកសាងសង្គមខ្មែរ ឱ្យមានសន្តិភាព ស្ថិរភាព និងចីរភាព
កំពង់ស្ពឺ-នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ឯកឧត្តម ឈួរ សុបញ្ញ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមដឹកនាំពិធីស្វាធ្យាយ(សូធ្យ)ព្រះត្រៃបិដកលេខ១៤ ដែលប្រារព្ធឡើងនៅវត្តអង្គតាភេម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងបរិយាកាសស្ងប់ស្ងាត់ សោភ័ណ និងពោរពេញដោយសេចក្តីជ្រះថ្លាចំពោះព្រះរតនត្រ័យ។
ឯកឧត្តមបានមានប្រសាសន៍ថា ពិធីស្វាធ្យាយព្រះត្រៃបិដកមិនមែនជាពិធីសាសនាត្រឹមតែការសូត្រព្រះធម៌តាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍សាសនាដ៏មានអត្ថន័យសង្គមយ៉ាងជ្រាលជ្រៅ ក្នុងការរំលឹកឱ្យពុទ្ធបរិស័ទគ្រប់រូបត្រឡប់មកកាន់គោលដៅដើមនៃជីវិត គឺ ការរស់នៅដោយសីលធម៌ ប្រាជ្ញា និងការទទួលខុសត្រូវចំពោះសង្គម។ ការស្វាធ្យាយព្រះត្រៃបិដក គឺជាការអាន ការសូត្រ និងការបកស្រាយព្រះធម៌ ដែលជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា ដើម្បីបណ្តុះចិត្តឱ្យមានសេចក្តីសុចរិត សេចក្តីអត់ធ្មត់ និងសេចក្តីមេត្តាករុណា។ លើសពីនេះទៀតមានតម្លៃដ៏ជ្រាលជ្រៅជាពិសេសក្នុងការរំលឹកនិងលើកកម្ពស់នូវគុណតម្លៃនៃព្រះត្រៃបិដកខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណព្រះពុទ្ធសាសនាខ្មែរ ដែលលោកអ្នកប្រាជ្ញព្រះពុទ្ធសាសនាខ្មែរបានលះបងច្រើនរកគណនាពុំបានឡើយ។
ឯកឧត្តមបន្តទៀតថា ព្រះត្រៃបិដកខ្មែរ មិនមែនត្រឹមតែជាការបកប្រែអក្សរសាស្ត្រព្រះពុទ្ធសាសនាពីភាសាបាលីទៅជាភាសាខ្មែរប៉ុណ្ណោះទេប៉ុន្តែជាការបញ្ជូនប្រាជ្ញាសកលមកស្ថិតនៅក្នុងបរិបទជីវិតខ្មែរតាមរយៈភាសា សំនៀង និងសំនេរខ្មែរ ព្រះធម៌បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ របៀបគិត និងទម្លាប់រស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាលមកដល់បច្ចុប្បន្ន។ គុណតម្លៃសំខាន់បំផុតនៃព្រះត្រៃបិដកខ្មែរ គឺ ការបណ្តុះមនុស្សឲ្យមានសីលធម៌ និងវិន័យក្នុងខ្លួនឯង។
លើសពីនេះក្នុងបរិបទសង្គមបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការប្រកាន់ខ្ជាប់នូវគុណតម្លៃសាសនា កាន់តែមានសារៈសំខាន់។ បញ្ហាអសីលធម៌ ការខ្វះវិន័យ ការរើសអើង ការបាត់បង់ការគោរពគ្នាទៅវិញទៅមក និងការរស់នៅដោយអារម្មណ៍ប្រកាន់មាំក្នុងឧបាទានលោកធម៌បានក្លាយជាបញ្ហាដែលប៉ះពាល់ដល់សុខដុមនីយកម្មសង្គម។ ក្នុងស្ថានការណ៍ដូចនេះ ព្រះត្រៃបិដក ជាពន្លឺនៃពុទ្ធិបែបពុទ្ធមាគ៌ា ដែលអាចជួយណែនាំផ្លូវ បណ្តុះគំនិត និងអាកប្បកិរិយារបស់មនុស្សឱ្យរស់នៅដោយការយល់ដឹង និងការទទួលខុសត្រូវ។
ព្រមជសមួយគ្នានេះការចូលរួមបុណ្យស្វាធ្យាយព្រះត្រៃបិដកក៏ជាការបង្ហាញពីការរួមចំណែករបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការអភិរក្សមរតកវប្បធម៌ខ្មែរ និងការផ្សព្វផ្សាយសាសនធម៌ទៅកាន់យុវជន និងសង្គមជាទូទៅ ដែលភ្ជាប់សាសនា ជីវិត និងសង្គមឱ្យស្ថិតនៅក្នុងសមតុល្យភាពដោយយកព្រះធម៌ជាគន្លងដឹកនាំការគិត ការនិយាយ និងការប្រព្រឹត្ត។
ដោយឡែកទីទៃពីព្រឹត្តិការណ៍ជាអត្ថន័យសាសនា ពិធីនេះក៏ជាការដាស់ស្មារតីសង្គមឱ្យយល់ថា ការអភិវឌ្ឍប្រទេស មិនអាចពឹងផ្អែកតែសម្ភារៈ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវការមូលដ្ឋានសីលធម៌ និងពុទ្ធិជាគ្រឹះ។ ព្រះធម៌ទាំង៨៤ ០០០ព្រះធម្មក្ខន្ធនៅក្នុងព្រះត្រៃបិដក គឺជាបណ្តូលនៃទ្រឹស្តីនិងបទពិសោធន៍តាមសាសនមាគ៌ា ដែលអាចជួយបង្កើតមនុស្សល្អ គ្រួសារល្អ និងសង្គមល្អ ដើម្បីឈានទៅរកសង្គមសន្តិភាព ស្ថិរភាព និងការរីកចម្រើនប្រកបដោយចីរភាព។ ព្រមជាមួយនឹងការបញ្ជាក់ថា ការអភិវឌ្ឍសង្គមខ្មែរឱ្យមានចីរភាព ត្រូវចាប់ផ្តើមពីការអភិវឌ្ឍផ្លូវចិត្ត ឆន្ទៈនិងសីលធម៌មនុស្សដោយយកព្រះត្រៃបិដកខ្មែរ ជាគ្រឹះនៃពុទ្ធិនិងការរស់នៅ។



