ឯកឧត្តម ឈួរ សុបញ្ញា: «ប្រឹងរៀនដើម្បីខ្លួនឯង ឈ្មោះថាប្រឹងដើម្បីជាតិ» ជាប្រធានបទគោលសម្រាប់កម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ដើម្បីលើកកម្ពស់សីលធម៌ និងបណ្តុះស្មារតីជាតិដល់សិស្សជាង ១,២០០នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមជាវាគ្មិនលើប្រធានបទ «ត្រៃកូដធម៌ជាមូលដ្ឋាននៃការសិក្សា និងស្មារតីជាតិរបស់សិស្សានុសិស្ស» ក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «ប្រឹងរៀនដើម្បីខ្លួនឯង ឈ្មោះថាប្រឹងដើម្បីជាតិ» ជូនដល់សិស្សានុសិស្សចំនួន ១,២៤២នាក់ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
កម្មវិធីនេះមានគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌ និងការដាស់ស្មារតីដល់សិស្សានុសិស្ស ឱ្យស្គាល់តម្លៃនៃការសិក្សា ការអប់រំតាមបែបព្រះពុទ្ធសាសនា និងការយកព្រះត្រៃបិដកជាគោលក្នុងការកសាងខ្លួនជាមនុស្សល្អ និងពលរដ្ឋល្អ។កម្មវិធី «ការអប់រំតាមព្រះពុទ្ធមាគ៌ា»បានបង្ហាញយ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនានៃជំនឿប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ ការទទួលខុសត្រូវ និងមនសិការសង្គម ដើម្បីកសាងយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ មានគុណភាព មានការទទួលខុសត្រូវ និងមានឆន្ទៈរួមគ្នាការពារ អភិវឌ្ឍ និងលើកតម្កើងកិត្យានុភាពជាតិខ្មែរ ឱ្យរុងរឿងស្ថិតស្ថេរតរៀងទៅ។
ក្នុងមតិបើកកម្មវិធី លោក ភោគ សុខ បានលើកឡើងថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌ និងគុណធម៌ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សង្គមដែលមានការរីកចម្រើនពិតប្រាកដ គឺជាសង្គមដែលមានមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងការទទួលខុសត្រូវ។ លោកបានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ គោរពវិន័យ និងចូលរួមថែរក្សាតម្លៃល្អរបស់ជាតិ។
ព្រះធម្មនន្ទោ ឈៀន វីរៈ បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាជាសាសនានៃការអប់រំ និងការអភិវឌ្ឍមនុស្សពីខាងក្នុង។ ព្រះអង្គបានលើកឡើងថា ការសិក្សាដែលខ្វះសីលធម៌ ប្រៀបដូចជាដើមឈើដែលគ្មានឫស។ សិស្សានុសិស្សត្រូវយកចិត្តទុកដាក់លើការអប់រំចិត្ត ការគោរពឪពុកម្តាយ គ្រូបង្រៀន និងការប្រកាន់ខ្ជាប់នូវសច្ចៈធម៌ក្នុងជីវិត។ ព្រះអង្គក៏បានផ្តាំផ្ញើឱ្យយុវជនចៀសវាងអំពើអបាយមុខ គ្រឿងញៀន និងការប្រើប្រាស់បច្ចេកវិទ្យាដោយខ្វះការពិចារណា ហើយត្រូវយកការសិក្សា និងការប្រតិបត្តិធម៌ជាគន្លឹះដឹកនាំជីវិត។
ក្នុងឱកាសនៃបទបង្ហាញលើប្រធានបទ «ត្រៃកូដធម៌ជាមូលដ្ឋាននៃការសិក្សា និងស្មារតីជាតិរបស់សិស្សានុសិស្ស» នោះ ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា ការកសាងធនធានមនុស្សមិនអាចផ្អែកទៅលើចំណេះដឹងតែមួយមុខបានទេ ប៉ុន្តែត្រូវមានគ្រឹះគុណធម៌ជាប់ជានិច្ច។ត្រៃកូដធម៌ ដែលរួមមាន សច្ចៈ កតញ្ញូ និងខន្តី ថាជាគោលការណ៍ដ៏សំខាន់សម្រាប់យុវជនកម្ពុជា ដោយមានសេចក្តីលម្អិតសង្ខេបថា:
ទី១៖ សច្ចៈ (ភាពស្មោះត្រង់): សិស្សត្រូវស្មោះត្រង់ចំពោះខ្លួនឯង គ្រួសារ សាលារៀន និងសង្គម។ ភាពស្មោះត្រង់ជាគ្រឹះនៃទំនុកចិត្ត និងជាចំណុចចាប់ផ្តើមនៃភាពជោគជ័យ។
ទី២៖ កតញ្ញូ (ការដឹងគុណ): ការដឹងគុណឪពុកម្តាយ គ្រូបង្រៀន ជាតិ សាសនា គោរពច្បាប់ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំនិងអជ្ញាធរ និងព្រះមហាក្សត្រ គឺជាមូលដ្ឋាននៃស្មារតីជាតិ។ មនុស្សដែលដឹងគុណអតីតកាល នឹងចេះទទួលខុសត្រូវចំពោះបច្ចុប្បន្ននិងអនាគត។
ទី៣៖ ខន្តី (ការអត់ធ្មត់) :ភាពជោគជ័យក្នុងការសិក្សា និងជីវិត មិនកើតឡើងដោយងាយស្រួលទេ។ យុវជនត្រូវមានការតស៊ូ អត់ធ្មត់ និងមិនបោះបង់ចោលគោលដៅរបស់ខ្លួន។
ឯកឧត្តមបន្តទៀតថា «សិស្សដែលមានសច្ចៈ កតញ្ញូ និងខន្តី គឺជាយុវជនដែលមានសមត្ថភាពកសាងខ្លួន កសាងគ្រួសារ និងកសាងជាតិ»។ ការការពារជាតិមិនមែនមានន័យត្រឹមការកាន់អាវុធនៅសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យុវជន ការការពារជាតិចាប់ផ្តើមពីការខិតខំសិក្សារៀនសូត្រ ការស្វែងយល់ពីប្រវត្តិសាស្ត្រជាតិ ការគោរពច្បាប់ ការថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រមទាំងការបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាព។ ប្រទេសជាតិមួយអាចរឹងមាំបាន មិនមែនដោយសារតែកម្លាំងយោធាតែមួយមុខទេ ប៉ុន្តែដោយសារមានប្រជាពលរដ្ឋដែលមានចំណេះដឹង សីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវ។ ដូច្នេះ យុវជនដែលមានចំណេះដឹង មានសីលធម៌ និងមានមនសិការជាតិ គឺជាកងទ័ពបញ្ញាដ៏រឹងមាំបំផុតរបស់ជាតិ ដែលអាចការពារអធិបតេយ្យភាព អភិរក្សអត្តសញ្ញាណជាតិ និងបន្តកសាងអនាគតដ៏រុងរឿងសម្រាប់កម្ពុជា។
ក្នុងមតិសំណេះសំណាលរបស់ខ្លួន ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានកោតសរសើរចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងបានលើកឡើងថា ការអប់រំសីលធម៌ និងស្មារតីជាតិដល់យុវជន គឺជាកិច្ចការសំខាន់បំផុតសម្រាប់អនាគតប្រទេសជាតិ។ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សថា ការសិក្សាគឺជាទុនដ៏មានតម្លៃបំផុតដែលគ្មាននរណាអាចដកហូតបាន ហើយយុវជនត្រូវប្រើប្រាស់ឱកាសដែលខ្លួនមានក្នុងការរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងកសាងគុណធម៌ ដើម្បីក្លាយជាពលរដ្ឋល្អ និងធនធានមនុស្សដ៏មានគុណភាពសម្រាប់ជាតិ។ឯកឧត្តមបណ្ឌិតក៏បានជំរុញឱ្យសិស្សានុសិស្សថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការសិក្សា ការអភិវឌ្ឍ និងការកសាងអនាគត ព្រោះគ្មានសន្តិភាព ក៏គ្មានការអប់រំ គ្មានការអភិវឌ្ឍ និងគ្មានឱកាសសម្រាប់ការសម្រេចក្តីស្រមៃរបស់យុវជនដែរ។





