ឯកឧត្តម ឈួរ សុបញ្ញា : នេះជាលើកទី៥នៃការរៀបចំពិធីខមាទោស និងដឹងគុណគ្រូចូលនិវត្តន៍នៅ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ក្នុងកម្មវិធីផ្សព្វផ្សាយ ទិវានៃក្តីស្រឡាញ់ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពសង្គម ផ្តើមចេញពីក្តីស្រលាញ់ប្រកបដោយសីលធម៌»

រាជធានីភ្នំពេញ-នារសៀលថ្ងៃសៅរ៍ ១២ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញបានសហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ រៀបចំពិធីខមាទោស និងដឹងគុណគ្រូចូលនិវត្តន៍ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ក្នុងកម្មវិធីផ្សព្វផ្សាយអត្ថន័យទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពសង្គម ផ្តើមចេញពីក្តីស្រឡាញ់ប្រកបដោយសីលធម៌» ដោយមានអ្នកចូលរួមប្រមាណ ២៥០ នាក់ រួមមានអតីតគណៈនាយក គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូចូលនិវត្ត សមាជិកកាកបាទក្រហម កាយរឹទ្ធិ និងក្រុមប្រឹក្សាយុវជន ក្រោមព្រះអធិបតីភាព ព្រះពលៈកោសល ហួន សេងហាក់ និងអធិបតីភាព ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន រាជធានីភ្នំពេញ ដោយមានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងពុទ្ធិកសមាគមកម្ពុជារដ្ឋ។

ក្នុងឱកាសនោះ ព្រះពលៈកោសល ហួន សេងហាក់ បានសម្តែងធម៌យ៉ាងជ្រាលជ្រៅអំពី «សេចក្តីកត្តញ្ញូ–កតវេទី» ដែលជាគុណធម៌ដ៏ខ្ពង់ខ្ពស់សម្រាប់សិស្ស និងយុវជន។ ព្រះអង្គបានមានព្រះថេរដីការថា កត្តញ្ញូ គឺការដឹងគុណ ចំណែកកតវេទី គឺការតបស្នងគុណ។ មនុស្សដែលមានកត្តញ្ញូ គឺមនុស្សមានគុណធម៌ មានបេះដូងសុចរិត និងមានសមត្ថភាពក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃអនាគត ដូចពុទ្ធវចនៈព្រះអង្គសម្តែងថា៖«កត្តញ្ញូ កតវេទី បុគ្គលោ ទុល្លភោ លោកេសុ» មានន័យថា មនុស្សដែលដឹងគុណ និងតបស្នងគុណ គឺជាមនុស្សកម្រនៅក្នុងលោក។ព្រះអង្គបានបញ្ជាក់ថា សិស្សដែលដឹងគុណគ្រូ គឺមិនត្រឹមសំពះ ឬនិយាយអំណរគុណប៉ុណ្ណោះទេ ប៉ុន្តែត្រូវខិតខំរៀនសូត្រ ប្រកាន់វិន័យ និងរក្សាកិត្តិយសសាលា។ ការរៀនឲ្យបានល្អ គឺជាការតបស្នងគុណគ្រូយ៉ាងមានន័យជាងគេ។ ចំពោះគ្រួសារ មាតាបិតាជាព្រះអរហន្តនៅក្នុងផ្ទះ។ កូនដែលមានកត្តញ្ញូ ត្រូវគោរព ស្តាប់ដំបូន្មាន និងជួយសម្រួលភារកិច្ចគ្រួសារ។ ការប្រព្រឹត្តខុសវិន័យ ឬធ្វើអំពើប៉ះពាល់ដល់កិត្តិយសគ្រួសារ គឺជាការខ្វះកត្តញ្ញូយ៉ាងធ្ងន់ធ្ងរ។ ចំពោះប្រទេសជាតិ ការដឹងគុណជាតិ គឺការគោរពច្បាប់ ស្រឡាញ់សន្តិភាព និងចូលរួមកសាងសង្គម។ យុវជនដែលមានកត្តញ្ញូជាតិ នឹងមិនធ្វើអំពើបំផ្លាញសង្គម ឬធ្វើអ្វីដែលប៉ះពាល់ដល់សាមគ្គីភាពជាតិឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញាបានលើកឡើងថា ទិវានៃក្តីស្រឡាញ់ គួរត្រូវបានបកស្រាយក្នុងន័យសង្គម និងសីលធម៌ មិនត្រឹមជាការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តន៍ក្តីស្រឡាញ់តាមរយៈការដឹងគុណ និងការគោរពអ្នកមានគុណ។ ការខមាទោស និងការថ្លែងអំណរគុណចំពោះគ្រូ គឺជាការអប់រំចិត្តយុវជនឱ្យចេះទទួលខុសត្រូវ ចេះគោរព និងចេះថែរក្សាតម្លៃវប្បធម៌ជាតិ។ ពេលយុវជនមានបេះដូងដឹងគុណ នោះសង្គមនឹងមានមូលដ្ឋានរឹងមាំប្រកបដោយសីលធម៌ គុណធម៌ និងសាមគ្គីភាព។ ពិធីខមាទោស និងដឹងគុណគ្រូចូលនិវត្តន៍នេះក៏បានបង្ហាញថា ក្តីស្រឡាញ់ពិតគឺជាការអនុវត្តសីលធម៌តាមរយៈសកម្មភាពជាក់ស្តែង។ ពេលយុវជនចេះសំពះ សុំអភ័យទោស និងថ្លែងអំណរគុណ ចំពោះអ្នកបង្រៀននិងផ្តល់ចំណេះដឹង នោះពួកគេកំពុងបណ្តុះគុណធម៌ក្នុងខ្លួន និងកំពុងរួមចំណែកកសាងសង្គមសន្តិភាព។ កម្មវិធីនេះមិនត្រឹមជាពិធីការបែបប្រពៃណីទេ ប៉ុន្តែជាវេទិកាអប់រំសង្គម ដែលបញ្ជាក់ថា ក្តីស្រឡាញ់ប្រកបដោយសីលធម៌ គឺជាគ្រឹះនៃសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។យុវវ័យដែលចេះដឹងគុណ នឹងក្លាយជាពលរដ្ឋល្អ។ យុវវ័យដែលមានសីលធម៌ នឹងក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃខាងមុខ។ ហើយយុវវ័យដែលចេះស្រឡាញ់ដោយមានការទទួលខុសត្រូវ នឹងក្លាយជាថាមពលវិជ្ជមានសម្រាប់សង្គមជាតិ។ ក្តីស្រឡាញ់ដែលគ្មានសីលធម៌ អាចនាំឱ្យវង្វេង ប៉ុន្តែក្តីស្រឡាញ់ដែលមានកត្តញ្ញូ នឹងនាំជីវិតរីកចម្រើន។ យុវជនត្រូវចងចាំថា អនាគតមិនស្ថិតនៅក្នុងអារម្មណ៍ខ្លីៗទេ ប៉ុន្តែស្ថិតនៅក្នុងការខិតខំ និងការរក្សាគុណធម៌ជាប្រចាំថ្ងៃ។

លោក ង៉ែត ចាន់សុខ បានថ្លែងថា កម្មវិធីនេះជាគំរូអប់រំដ៏មានអត្ថន័យ ដែលបង្ហាញថា សុខុមាលភាពសង្គម មិនអាចកើតឡើងដោយច្បាប់ ឬគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចិត្តមនុស្ស។ ក្នុងសម័យឌីជីថល ដែលយុវជនទទួលឥទ្ធិពលពីព័ត៌មាន និងវប្បធម៌ចម្រុះ ក្តីស្រឡាញ់ត្រូវមានសីលធម៌ជាគោលដៅ មានការទទួលខុសត្រូវ និងមានការគោរពគ្នាទៅវិញទៅមក។ លោកបានលើកទឹកចិត្តឲ្យយុវជនបន្តអនុវត្តវប្បធម៌ដឹងគុណដោយមិនត្រឹមជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប៉ុន្តែជាទម្លាប់ប្រចាំថ្ងៃ ដើម្បីបង្កើនសាមគ្គីភាព និងជំនឿទុកចិត្តក្នុងសង្គម។ការខមាទោសគ្រូនៅថ្ងៃនេះ គឺជាអនុស្សាវរីយ៍ឲ្យយុវជនចងចាំថា មនុស្សមិនអាចជោគជ័យដោយខ្លួនឯងឡើយ។ នៅពីក្រោយភាពជោគជ័យ មានការប្រឹងប្រែងរបស់គ្រូ មាតាបិតា និងសង្គម។ ដូច្នេះ យុវជនត្រូវបម្លែងក្តីស្រឡាញ់ទៅជាការខិតខំរៀនសូត្រ ការអនុវត្តវិន័យ ការចូលរួមសកម្មភាពសង្គម និងការពារកិត្តិយសខ្លួនឯង។