ឯកឧត្តម ឈួរ សុបញ្ញា និងឯកឧត្តម ផាន់ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានអមព្រះដំណើរសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាមនិមន្តផ្តល់ភ្លើងក្នុងពិធីឈាបនកិច្ចសពមហាឧបាសិកា រ័ត្ន ធាយ ញោមស្រីបង្កើតព្រះទេពវិជ័យ សយ នាង ព្រះចៅអធិការវត្តព្រៃជើង

ខេត្តតាកែវ: រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា និងឯកឧត្តម ផាន់ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានអមព្រះដំណើរសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាមគោរពវិញ្ញាណក្ខន្ធនិងឈាបនកិច្ចសពមហាឧបាសិកា រ័ត្ន ធាយ ញោមស្រីបង្កើតព្រះទេពវិជ័យ សយ នាង ព្រះចៅអធិការវត្តព្រៃជើង កាលពីថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធប្រារព្ធធ្វើឡើងនៅបរិវេណវត្តព្រៃជើង ស្ថិតក្នុងឃុំគោកព្រាវ ស្រុកគិរីវង្ស ខេត្តតាកែវ។ ក្នុងពិធីនោះមានវត្តមានចូលរួមរបស់ព្រះមន្រ្តីសង្ឃ លោកអភិបាលស្រុកគិរីវង្ស ថ្នាក់ដឹកនាំស្រុក ឃុំ និងប្រជាពុទ្ធបរិស័ទ ជាច្រើនរូបផងដែរ។

ក្នុងវេលាដែលពោរពេញទៅដោយសមានទុក្ខ និងសេចក្តីសោកសង្រេងនេះ ក៏បានពាំនាំនូវការសោកស្តាយនិងរំលែកមរណៈទុក្ខរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីរួមជាមួយសម្តេចជាអម្ចាស់ជូនក្រុមគ្រួសារញាតិព្រះទេពវិជ័យ សយ នាង ព្រះចៅអធិការវត្តព្រៃជើង ដែលបាត់បង់ញោមស្រី ម្តាយ ជីដូន ជាទីគោរពស្រឡាញ់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ពិសេសជាពុទ្ធសាសនូបត្ថម្ភមួយរូបដែលបានលះបង់នូវធនធានជាច្រើនក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងបានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិការ រ័ត្ន ធាយ សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព។

ក្នុងឱកាសនោះសម្តេចជាអម្ចាស់ក៏បាននាំយកសាររំលែកមរណទុក្ខ ទេយ្យទានរួមមាន អង្ករ ២០០ គីឡូក្រាម ទឹកបរិសុទ្ធ ២០ កេះ ទឹកក្រូច ២០កេះ មីខ្លាឃ្មុំក្រហម ១០កេះ
ទឹកដោះគោ ២កេះធំ ស្ករស ២បាវ = ៥០ គីឡូក្រាម ភេសជ្ជៈ
៤ កន្ត្រក សាដក ៩ បច្ច័យចំនួន ៤.០០០.០០០៛ (បួនលានចូលរួមជាមួយក្រុមគ្រួសារសពផងដែរ៕