ឯកឧត្តម ឈួរ សុបញ្ញា : ការដង្ហែព្រះត្រៃបិដកមិនត្រឹមជាពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតី បង្កើនសទ្ធា និងកសាងសង្គមឱ្យមានសីលធម៌ និងសាមគ្គីភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យបានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះត្រៃបិដកក្នុងពិធីសូធ្យបិតកលើកទី១ស្រុកសាមគ្គីមុនីជ័យ ដោយដង្ហែចេញពីវត្តវម្មិការាម ឆ្ពោះទៅវត្តស្រះឃ្លាំង បានប្រព្រឹត្តទៅក្រោមបរិយាកាសសក្ការៈបូជានិងសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើន។ ពិធីនេះមិនត្រឹមតែជាប្រពៃណីសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពសំខាន់មួយក្នុងការលើកតម្កើងព្រះធម៌ និងបន្តបណ្តុះស្មារតីសីលធម៌ក្នុងសង្គមខ្មែរ។ ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង-ស្រុក អជ្ញាធរមូលដ្ឋានស្រុក លោកគ្រូ អ្នកគ្រូ មហាពុទ្ធបរិស័ទ និងសិស្សានុសិស្សសរុបប្រមាណ ៧០០រូប។

ព្រះត្រៃបិដក គឺជាមូលដ្ឋាននៃព្រះពុទ្ធសាសនា ដែលផ្ទុកនូវព្រះធម៌ និងព្រះវិន័យ ដើម្បីដឹកនាំមនុស្សឱ្យយល់ដឹងអំពីជីវិត កាត់បន្ថយទុក្ខ និងឈានទៅរកសេចក្ដីសុខពិតប្រាកដ ដូចព្រះពុទ្ធបានត្រាស់ថា៖
“ធម្មោ ហវេ រក្ខតិ ធម្មចារី” ធម៌តែងការពារអ្នកប្រតិបត្តិធម៌។ ពុទ្ធវចនៈនេះបញ្ជាក់ថា អ្នកដែលគោរព និងអនុវត្តតាមព្រះធម៌ នឹងទទួលបានការការពារ និងសេចក្ដីសុខក្នុងជីវិត។

ការដង្ហែព្រះត្រៃបិដក គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅ និងជាការលើកតម្កើងព្រះធម៌ឱ្យស្ថិតក្នុងចិត្តមនុស្ស។ នៅក្នុងពិធីនេះ មនុស្សគ្រប់វ័យបានមករួមគ្នា ដោយមានចិត្តសប្បុរស និងការគោរពរួមចំពោះសាសនា បង្កើតជាសាមគ្គីភាពដ៏រឹងមាំក្នុងសហគមន៍បីដូចព្រះពុទ្ធសម្តែងថា៖“សង្ឃសាមគ្គី សុខាវហា” មានន័យថា សាមគ្គីភាពនាំមកនូវសេចក្ដីសុខ។ អានិសង្សនៃការដង្ហែព្រះត្រៃបិដក មានតម្លៃយ៉ាងខ្ពង់ខ្ពស់ ទាំងផ្លូវចិត្ត និងផ្លូវសង្គម។ ជាដំបូង វាជួយបង្កើនសទ្ធា ប្រកបដោយក្តីបរិសុទ្ធធ្វើឱ្យមនុស្សមានសេចក្ដីសុខផ្លូវចិត្ត និងបន្ថយកិលេស ដូវព្រះពុទ្ធបានត្រាស់ថា“ចិត្តំ ទន្តំ សុខាវហំ” ចិត្តដែលបានបណ្តុះល្អ នាំមកនូវសេចក្ដីសុខ។ បន្ទាប់មក វាជាការបង្កើតបុណ្យដ៏ធំធេង ដែលនឹងផ្តល់វិបាកកម្មល្អទាំងក្នុងបច្ចុប្បន្ន និងអនាគត។ ព្រះពុទ្ធពុទ្ធវចនៈសម្តែងថា“កតំ បុញ្ញំ សុខំ សេតិ” មានន័យថា អ្នកធ្វើបុណ្យ នឹងរស់នៅដោយសុខ។ លើសពីនេះទៅទៀត ការដង្ហែព្រះត្រៃបិដក ជាការរួមចំណែកសំខាន់ក្នុងការថែរក្សាព្រះពុទ្ធសាសនា ឱ្យបន្តរីកចម្រើនយូរអង្វែង។ ព្រះត្រៃបិដក មិនត្រឹមជាសៀវភៅទេ ប៉ុន្តែជាប្រភពនៃបញ្ញា និងចំណេះដឹងដ៏អស្ចារ្យដូចព្រះពុទ្ធបានត្រាស់សម្តែងថា៖“បញ្ញា នរានំ រតនំ”បញ្ញាជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតរបស់មនុស្ស។នៅពេលដែលព្រះត្រៃបិដកត្រូវបានដង្ហែពីវត្តមួយទៅវត្តមួយ នោះគឺជានិមិត្តរូបនៃការផ្ទេរពន្លឺនៃធម៌ពីទីកន្លែងមួយទៅទីកន្លែងមួយ និងពីជំនាន់មួយទៅជំនាន់មួយ។ វាជាការរំលឹកឱ្យយើងទាំងអស់គ្នា យល់ថា ជីវិតមិនអាចរីកចម្រើនដោយសារទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែត្រូវការបញ្ញា សីលធម៌ និងចិត្តល្អជាគ្រឹះ។ ការលើកតម្កើងនិងផ្សព្វផ្សាយព្រះធម៌ តាមរយៈការដង្ហែព្រះត្រៃបិដក គឺជាការធ្វើបុណ្យដ៏ខ្ពង់ខ្ពស់ និងមានអានិសង្សយ៉ាងធំធេង។ ការដង្ហែព្រះត្រៃបិដកមិនត្រឹមជាពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតី បង្កើនសទ្ធា និងកសាងសង្គមឱ្យមានសីលធម៌ និងសាមគ្គីភាព។ វាជាការបង្ហាញថា ព្រះធម៌នៅតែរស់នៅក្នុងចិត្តប្រជាជន និងបន្តដឹកនាំជីវិតឱ្យឈានទៅរកសេចក្ដីសុខ សន្តិភាព និងចីរភាពជានិច្ច។

សូមអនុមោទនាបុណ្យដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមក្នុងពិធីដ៏មានតម្លៃនេះ សូមឱ្យអានិសង្សនៃបុណ្យនេះ នាំមកនូវសុខ សុភមង្គល បញ្ញា និងសេចក្ដីចម្រើនគ្រប់ប្រការជានិច្ច៕ 🙏