ឯកឧត្តម ឈួរ សុបញ្ញា: កម្មវិធីហូបនំបញ្ចុកសាមគ្គី ដែលជាសញ្ញានៃបេះដូងអ្នកជួរក្រោយនៅកៀកកើយជាមួយកងទ័ពជួរមុខ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ២ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាមួយសហធម្មមិត្ត ដើម្បីសំណេះសំណាល និងរៀបចំការហូបនំបញ្ចុកសាមគ្គីជាមួយបងៗវិរៈកងទ័ពជួរមុខតាមបណ្តោយព្រំដែន ដោយមានការនិមន្តជាអធិបតីរបស់ព្រះភិក្ខុចន្ទប្បិយោ រឹម ចាន់រ៉ា និងដោយមានការចូលរួមពីក្រុមសហការផ្សេងៗជាច្រើន។
ឯកឧត្តមបានមានប្រសាសន៍ថា សកម្មភាពថ្ងៃនេះមិនមែនត្រឹមជាការចែករំលែកអាហារតែប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ថា បេះដូងប្រជាជនខ្មែរ និងកងទ័ព គឺដើរតាមចង្វាក់តែមួយ ដែលជាចង្វាក់នៃស្មារតីជាតិ និងការពារដែនដីដ៏បរិសុទ្ធ។ នេះជារូបភាពនៃការបន្តសកម្មរស់រវើកនៃសាមគ្គីភាពជាតិ ដែលបន្តពីជំនាន់មួយទៅជំនាន់មួយ ដោយមិនអនុញ្ញាតឱ្យបាត់បង់ទៅតាមពេលវេលា ឬ ស្ថានការណ៏ឡើយ ដើម្បីបញ្ជាក់ពីការពួតដៃ ស្មាគៀកស្មាការពារបូរណភាពទឹកដីលើស្មារតីខ្មែរថែជាតិ។ លើសពីនេះទៀតសកម្មភាពថ្ងៃនេះ ក៏ជាការបង្ហាញពីកម្លាំងសាមគ្គីរួមគ្នា ដឹកនាំដោយព្រះភិក្ខុ រឹម ចាន់រ៉ា ដើម្បីបន្តពង្រឹងស្មារតី “នៅកៀកកើយជាមួយកងទ័ពគ្រប់ពេលវេលា” និងបញ្ជាក់ថា កងទ័ពមិនដែលឈរតែម្នាក់ឯងឡើយ គឺមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនជាតិទាំងមូលឈរជាមួយជានិច្ច ដូចដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ថា “សមគ្គា នំ តបោ សុខោ” (សាមគ្គីនាំមកនូវសុខ និង “ធម្មោ ហវេ រក្ខតិ ធម្មចារី” ធម៌តែងតែការពារអ្នកប្រព្រឹត្តតាមធម៌។ ពុទ្ធវចនៈបញ្ជាក់ថា សាមគ្គីភាព និងការរស់នៅដោយធម៌ គឺជាគ្រឹះនៃសន្តិភាព និងភាពរឹងមាំរបស់ជាតិ។
ក្នុងឱកាសនោះឯកឧត្តមក៏បាននាំយកនូវក្តីនឹករលឹក និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែឈរនៅពីក្រោយ និងនៅកៀកកើយជាមួយកងទ័ព ដើម្បីធានាសន្តិភាព អធិបតេយ្យភាព និងបូរណភាពដែនដីជាតិ។ ម្យ៉ាងវិញទៀត ក្នុងនាមប្រជាជនសមរភូមិជួរក្រោយ សូមសម្តែងនូវក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងៗវិរៈកងទ័ពជួរមុខ ដែលបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីការពារសុខសន្តិភាពរបស់ជាតិ។ បងៗកងទ័ពគឺជាខ្នងជាតិ ជាខែលការពារដែនដី និងជាអ្នកថែរក្សាអនាគតប្រជាជនខ្មែរ។ ក្តីដឹងគុណនេះ នឹងត្រូវបានរក្សាទុកជានិច្ចក្នុងបេះដូងប្រជាជន។
ជាទីបញ្ចប់ ប្រតិភូទាំងអស់ក៏សូមជូនពរដល់បងៗកងទ័ពទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ទាំងកម្លាំងកាយនិងផ្លូវចិត្ត ដើម្បីបន្តបំពេញបេសកកម្មដ៏ថ្លៃថ្នូរ តាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ដោយស្មារតី “ស្ងាត់ តែមិនស្ងៀម” ក្នុងការការពារជាតិ សន្តិភាព និងអធិបតេយ្យភាពជាតិឱ្យស្ថិតស្ថេរជានិច្ចកាល។




