ឯកឧត្តម ឈួរ សុបញ្ញា៖ ការប្រកួតកីឡាតេក្វានដូឆ្នាំ២០២៦ លើកទី គឺជាសក្ខីភាពនៃការរួមគ្នារបស់យុវជន ដើម្បីសន្តិភាព
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក. លើកទី២ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើង ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៥ ក្រោមប្រធានបទ «កីឡារួមគ្នា ដើម្បីស្មារតីសន្តិភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅអគារខេមរានី (ស.ស.យ.ក. រាជធានីភ្នំពេញ)។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឈួរ សុបញ្ញា អនុប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការប្រកួត ដោយមានការចូលរួមពីគណៈកម្មការរៀបចំ គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យលម្អិតលើផែនការរៀបចំបច្ចេកទេស ការចុះឈ្មោះកីឡាករ-កីឡាការិនី ការរៀបចំវិន័យប្រកួត ការធានាសុវត្ថិភាព ការត្រៀមក្រុមវេជ្ជសាស្ត្រ ការផ្សព្វផ្សាយ និងការគាំទ្រផ្នែករដ្ឋបាល ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយរលូន តម្លាភាព និងស្តង់ដារវិជ្ជាជីវៈ។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថា ការប្រកួតលើកនេះ មិនត្រឹមជាវេទិកាប្រកួតប្រជែងសមត្ថភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាសារសំខាន់មួយក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យកីឡា និងសង្គមទូលំទូលាយ។ កីឡា គឺជាមធ្យោបាយបង្រួបបង្រួមមនុស្ស ឆ្លុះបញ្ចាំងអំពីវិន័យ ស្មារតីសហការណ៍ ការគោរពគ្នាទៅវិញទៅមក និងការប្រកួតដោយយុត្តិធម៌។
ឯកឧត្តមបានបញ្ជាក់ថា ប្រធានបទ «កីឡារួមគ្នា ដើម្បីស្មារតីសន្តិភាព» បង្ហាញយ៉ាងច្បាស់ថា កីឡាជាគ្រឹះសម្រាប់កសាងសង្គមសន្តិភាព សាមគ្គីភាព និងសមធម៌យេនឌ័រ។ ការរៀបចំការប្រកួតក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៥ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់លើសិទ្ធិ សក្តានុពល និងសមត្ថភាពរបស់នារីខ្មែរ ក្នុងការចូលរួមយ៉ាងសកម្មក្នុងគ្រប់វិស័យ រួមទាំងវិស័យកីឡា។ ស្ត្រីមិនត្រឹមជាអ្នកចូលរួមទេ ប៉ុន្តែជាកម្លាំងដឹកនាំ និងជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យគណៈកម្មការទាំងអស់អនុវត្តតាមផែនការដែលបានកំណត់ ដោយយកចិត្តទុកដាក់លើគុណភាព បច្ចេកទេស សុវត្ថិភាព និងភាពតម្លាភាព ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ជាពិសេស ត្រូវបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយស្មារតីកីឡា មិត្តភាព និងការគោរពគ្នាទៅវិញទៅមក សមស្របនឹងប្រធានបទនៃព្រឹត្តិការណ៍។
ឯកឧត្តម ឈួរ សុបញ្ញា បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក. លើកទី២ ឆ្នាំ២០២៦ គឺជាសក្ខីភាពនៃការរួមគ្នារបស់យុវជន ក្នុងការលើកស្ទួយកីឡាជាតិ និងបន្តបណ្តុះស្មារតីសន្តិភាព តាមរយៈសកម្មភាពវិជ្ជមាន និងការកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងមានអនាគតល្អប្រសើរ។



