ឯកឧត្តម ឈួរ សុបញ្ញាអញ្ជើញចូលរួមជាមួយសាធារណៈនិងយុវជនត្រូវចូលរួមគាំទ្រ និងចូលរួមក្នុងសកម្មភាពវបសម្តែងល្ខោនខោល ដើម្បីធានាថាមរតកដូនតានេះនឹងបន្តរស់នៅជំនាន់ក្រោយ

នៅថ្ងៃអង្គារ ១២ កើត ខែពិសាខ ឆ្នាំមមី សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីប្រពៃណីសម្តែងល្ខោនខោលវត្តស្វាយអណ្តែតប្រចាំឆ្នាំ ដើម្បីបួងសួងសុំក្តីសុខ ពិសេសការសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងការបន្តវង្សល្ខោនខោលវត្តស្វាយអណ្តែត ដែលជាទម្រង់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយ UNESCO ។ ពិធីប្រពៃណីសម្តែងល្ខោនខោលបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅ វត្តស្វាយអណ្តែត ដោយទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរច្រើនរយនាក់ឱ្យមកទស្សនា និងស្គាល់សិល្បៈបុរាណដ៏មានតម្លៃរបស់ខ្មែរ។ ល្ខោនខោល (Lakhon Khol) គឺជាមរតកសិល្បៈដ៏មានតម្លៃខ្ពស់មួយរបស់កម្ពុជា ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិ និងបេតិកភណ្ឌបុរាណដែលមានប្រវត្តិយូរអង្វែង។ តាមការសិក្សាប្រវត្តិសាស្ត្រ វាត្រូវបានគេជឿថាមានដើមកំណើតតាំងពីសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨–១០០១) ដែលជាយុគសម័យរីកចម្រើននៃអរិយធម៌អង្គរ។ល្ខោនខោលត្រូវបានកំដរដោយភ្លេង ពិណពាទ្យ ដែលជាភ្លេងប្រពៃណីខ្មែរ។ ល្ខោនខោលមានលក្ខណៈពិសេសខ្លាំងដែលបំបែកខ្លួនពីល្ខោនប្រពៃណីដទៃៗ៖

– តួអង្គទាំងអស់ជាបុរស និងពាក់របាំងមុខ (មុខខ្មុក)

– សម្ដែងតែរឿងតែមួយគត់ គឺ រាមកេរ្តិ៍ ជាវប្បធម៌និទានមហាកាវ្យ

– មិនមានការនិយាយដោយតួសម្ដែងផ្ទាល់ទេ តែមានអ្នកពោលរៀបរាប់ (Narrator)

– តួសម្ដែងប្រើកាយវិការនិងចលនារបាំដើម្បីបង្ហាញអារម្មណ៍ និងសាច់រឿង

ល្ខោនខោលមានតួអង្គសំខាន់ ៤ ប្រភេទ៖

១.តួនាយរោង (តួអង្គប្រុស ឧ. ព្រះរាម)

២. តួនាងឯក (តួអង្គស្រី)

៣. តួយក្ស (តួអង្គអាក្រក់ ឬអំណាច)

៤. តួស្វា (ឧ. ហនុមាន មានលក្ខណៈឆ្លាតវៃ និងក្លាហាន)

ល្ខោនខោល មិនមែនជាការសម្តែងសម្រាប់ថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តអត្តសញ្ញាណជាតិទៅថ្ងៃស្អែក។សូរស័ព្ទភ្លេង ពិណពាទ្យ បានបន្លឺឡើងពេញវត្ត ខណៈតួអង្គពាក់មុខខ្មុកបានសម្ដែងឈុតឆាកពីរឿង រាមកេរ្តិ៍ ដែលជានិទានមហាកាវ្យមានប្រភពពីសម័យព្រះបាទ ជ័យវរ្ម័នទី៥។

ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ពិសេសនៅពេលតួស្វាហនុមាន និងតួអង្គយក្សបង្ហាញសមត្ថភាពក្បាច់រាំ និងកាយវិការយ៉ាងរស់រវើក។ ភ្លេងនេះមានតួនាទីសំខាន់ក្នុងការបង្កើតអារម្មណ៍ ដូចជា ភាពរំភើប ភាពតានតឹង ឬភាពស្ងប់ស្ងាត់ តាមលំដាប់សាច់រឿង។ អ្នកចូលរួមម្នាក់បានប្រាប់ថា «ខ្ញុំមានអារម្មណ៍ថា ដូចជាត្រលប់ទៅអតីតកាល។ ល្ខោនខោលមិនត្រឹមជាសិល្បៈទេ ប៉ុន្តែជាអត្តសញ្ញាណរបស់យើង»។ ល្ខោនខោល គឺជាល្ខោនពាក់របាំងមុខ ដែលតួអង្គទាំងអស់ជាបុរស និងមិននិយាយផ្ទាល់ ប៉ុន្តែសម្ដែងតាមសម្លេងអ្នកពោល។ កាយវិការនិងចលនារបស់តួអង្គ មានលក្ខណៈជាសញ្ញាបញ្ជាក់អារម្មណ៍ និងសាច់រឿង ដែលធ្វើឱ្យអ្នកទស្សនាអាចយល់បានដោយគ្មានពាក្យសម្តី។ ទោះបីជាសកម្មភាពនេះបង្ហាញពីការរស់រវើកនៃសិល្បៈបុរាណក៏ដោយ ក៏មានការព្រួយបារម្ភពីអ្នកជំនាញ និងសិល្បករថា ល្ខោនខោលនៅតែប្រឈមនឹងបញ្ហាខ្វះយុវជនបន្ត និងការគាំទ្រមិនទាន់គ្រប់គ្រាន់។ ក្នុងសម័យឌីជីថល ការចាប់អារម្មណ៍របស់យុវជនកំពុងផ្លាស់ប្តូរយ៉ាងលឿន ដែលធ្វើឱ្យសិល្បៈបុរាណត្រូវប្រឈមមុខនឹងការបាត់បង់អនាគត ប្រសិនបើគ្មានវិធានការសមស្រប។

ឯកឧត្តមបានថ្លែងប្រាប់ដល់អង្គពិធីថា ដើម្បីធានាដល់ការរួមចំណែកជាមួយរាជរដ្ឋាភិបាល យើងរួមគ្នាបន្តថែរក្សាមរតកដូនតាតាមរយៈល្ខោនខោលដូចខាងក្រោម :

១. បញ្ចូលល្ខោនខោលជាផ្នែកនៃការអប់រំដោយការត្រឹមបង្រៀនត្រឹមទ្រឹស្តីមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវបង្កើតកម្មវិធីឲ្យសិស្សបានអនុវត្ត ស្គាល់កាយវិការ ពាក់មុខខ្មុក និងយល់ពីអត្ថន័យនៃតួអង្គ។ ការអប់រំត្រូវបង្កើតបទពិសោធន៍ មិនមែនត្រឹមចំណេះដឹង។

២. បំលែងល្ខោនខោលទៅជាវប្បធម៌ឌីជីថល

ដោយការផ្សព្វផ្សាយគ្រប់រូបភាព ពិសេសបណ្តាញសង្គម ដោយបង្កើតមាតិកាខ្លី ច្នៃប្រឌិត និងងាយចូលដល់យុវជន។ វប្បធម៌ដែលមិនអាចឃើញលើអេក្រង់ នឹងពិបាករស់នៅក្នុងចិត្តមនុស្សជំនាន់ថ្មី។

៣. គាំទ្រសិល្បករជាស្ថាបនិកអត្តសញ្ញាណជាតិ ដោយត្រូវបន្តមានគោលនយោបាយគាំទ្រជាក់ស្តែង ដើម្បីធានាជីវភាព និងកិត្តិយសរបស់សិល្បករ។ ពួកគេមិនត្រឹមជាអ្នកសម្តែងទេ ប៉ុន្តែជាអ្នករក្សាព្រលឹងជាតិ។

៤. បង្កើតចលនាសង្គមសម្រាប់វប្បធម៌ ដោយមរតកមិនអាចរស់ដោយរដ្ឋ ឬសិល្បករតែប៉ុណ្ណោះទេ តែត្រូវការចលនារួមពីសង្គមទាំងមូល។ ការចូលរួមរបស់យុវជន សហគមន៍ និងសាធារណៈ គឺជាចំណុចសំខាន់បំផុតក្នុងការបន្តវប្បធម៌។