ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ច ត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងអស់ ដែលមានវត្តមានតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ និងបានផ្តល់ឱកាសជូនសមាជិក សមាជិកា មានមតិពិភាក្សាផ្លាស់ប្តូរយោបល់ព្រមទាំងធ្វើការបូកសរុបនិងកំណត់បែងចែកភារកិច្ចដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយភ្លើងពណ៌ កំណាត់បូឱ្យបាន ស័ក្តិសម និងមានពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ ព្រមទាំងរៀបចំសារថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនក្រសួងព្រះបរមរាជវាំង និងទូរទស្សន៍ជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយ។
បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់គ្នាពីភារកិច្ចចំពោះមុខ និងកិច្ចការចម្បងៗដែលត្រូវបំពេញក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មខាងលើរួចមក អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទនិងទីតាំងសម្រាប់ប្រារព្ធពិធីព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្តដែលពាក់ព័ន្ធ សម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។