ឯកឧត្តម ឈិន កេតនា អញ្ជើញពិនិត្យមើលទីតាំងព្រះរាជពិធីកាត់ឬសសីមាព្រះវិហារថ្មី នៅខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមរៀបចំព្រះរាជពិធីកាត់ឬសសីមាព្រះវិហារថ្មី វត្តកេតកន្យារាម ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនឹងប្រារព្វឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

អញ្ជើញចូលរួមនៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នាឱកាសនេះ មានការនិមន្តចូលរួមពីព្រះអរិយកស្សប នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តសៀមរាប និងព្រះវត្តមានចៅអធិការ

វត្តកេតកន្យារាម និងដោយមានការចូលរួមពី ឯកឧត្តម តំណាងក្រសួងព្រះបរមរាជវាំង រដ្ឋបាលខេត្តសៀមរាប កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរខេត្តពាក់ព័ន្ធ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការផ្សេងៗទៀត ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញពិនិត្យយ៉ាងម៉ត់ចត់លើទីតាំងឲ្យបានសមស្រប សម្រាប់រៀបចំប្រារព្ធព្រះរាជពិធីកាត់ឬសសីមាព្រះវិហារថ្មី វត្តកេតកន្យារាម និងពិនិត្យមើលនូវរាល់កិច្ចការសំខាន់ៗទាំងឡាយ ដែលក្រសួងស្ថាប័នពាក់ព័ន្ធតាមផ្នែកនីមួយៗ ត្រៀមអនុវត្តនាពេលខាងមុខ។ 

ជាមួយគ្នានេះ ឯកឧត្តម ឈិន កេតនា បានជូនជាយោបល់ណែនាំដល់គ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធ គប្បីយកចិត្តទុកដាក់ក្នុងស្មារតី សាមគ្គីភាព ឯកភាពគ្នា និងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តន៍នូវរាល់ភារកិច្ចជំនាញគ្រប់ផ្នែកទាំងអស់ ដូចជាការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ឲ្យសំរេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរបំផុត ក្នុងការត្រៀមលក្ខណៈចូលរួមរៀបចំព្រះរាជពិធីកាត់ឬសសីមាព្រះវិហារថ្មីនៅវត្តកេតកន្យារាម ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឲ្យបានប្រព្រឹត្តទៅដោយប្រកបដោយភាពឧត្តុងឧត្តមថ្លៃថ្លាបំផុត។ 

មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានទូលប្រគេន ព្រះអរិយកស្សប នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តសៀមរាប ព្រមទាំងព្រះ ចៅអធិការវត្តកេតកន្យារាម ព្រះមេត្តាជួយចាត់ចែងដោយទឹកព្រះទ័យជ្រះថ្លា និង​សំណូមពរ​សមាជិក សមាជិកា ទាំងអស់ រាយការណ៍​ជូនថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងខេត្តពាក់ព័ន្ធ បានជ្រាប និង​សហការអនុវត្ត ឱ្យទទួលបានលទ្ធផលប្រសើរ។ 

តមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញបន្តពិនិត្យមើលស្ថានភាពផ្លូវ ដែលទើបតែជួសជុលកែលម្អរួចរាល់ជាស្ថាពរ ដោយរដ្ឋបាល ខេត្តសៀមរាប ដើម្បីឲ្យមានសោភ័ណភាព សណ្ដាប់ធ្នាប់ ព្រមទាំងឲ្យសំរេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរបំផុត ។