ឯកឧត្តម ឈិន កេតនា អញ្ជើញនាំយកទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ច័យប្រគេនវត្តចំនួន៤ នៃឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាបិណ្ឌវេនទី៨ វត្តបរិបុណ្ណារាម(ហៅវត្តកាន់យួរ) នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសមហាកុសលជូនបុព្វការីជន វីរជនស្នេហាជាតិ

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញនាំយកទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ច័យប្រគេនវត្តចំនួន៤ ក្នុងឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងរដូវកាលនាបិណ្ឌវេនទី៨ វត្តបរិបុណ្ណារាម(ហៅវត្តកាន់យួរ) នៃពិធីបុណ្យភ្ជុំបិណ្ឌ។
នាពិធីកាន់បិណ្ឌវេនទី៨នេះ ឯកឧត្តម ឈិន កេតនា បានអញ្ជើញប្រគេន ទេយ្យទាន បវរណាចតុបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងអញ្ជើញបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការី ញាតិកាទាំង៧សន្តាន ព្រមទាំងឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលពលីជីវិតនៅក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនដល់ប្រជាពលរដ្ឋ និងក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកន្លងមក ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឈន៍លើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ហើយជានិច្ចកាលវិស័យពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នាដើម្បីកសាងប្រទេសជាតិយើងឲ្យបានរីកចម្រើនជាលំដាប់។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា នៃការលេចចេញជារូបរាងរបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វាអាកាសថ្មីមួយចាំទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកកាន់កម្ពុជា ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបានបើឲ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរីរួចមកហើយ ដែលនេះស្តែងចេញពីការខិតខំអភិវឌ្ឍឥតឈប់ឈររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបជូនថា ទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា និងសហការី ប្រគេនព្រះសង្ឃវត្តចំនួន៤ គឺ ៖ វត្តបរិបុណ្ណារាម(ហៅវត្តកាន់យួរ), វត្តមេលំ, វត្តជយោរង្សី (ហៅវត្តទួលរកា) និងវត្តស្រះកែវ ក្នុងមួយវត្តៗរួមមាន ៖ អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៉ីវ តែ ទឹកដោះគោ មី ត្រីខ ស្ករស និងបច្ច័យកសាងវត្ត, និងប្រគេនបច្ច័យ សាដក ព្រះសង្ឃ៨អង្គ និងថវិកា សារុង ក្រមា ជូនតាជី យាយជី ប្រមាណ៣០០នាក់ ។
បន្តមកឯកឧត្តម ឈិន កេតនា ព្រមទាំងក្រុមការងារ បាន អញ្ជើញសួរសុខទុក គ្រួសារកងទ័ព បងប្អូនជនភៀសសឹក២គ្រួសារក្នុងឃុំផ្សារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងនាំយកអំណោយសួរសុខទុក្ខ នាឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ៖ ថវិកា សារុង-ក្រមាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ សរុបថវិកាចំនួន ៣៥,០៨០,០០០ រៀល ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ មានរយៈពេល១៥ថ្ងៃ ប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ៕