ឯកឧត្តម ឈិន កេតនា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងាររៀបចំប្រារព្ធព្រះរាជពិធីរុក្ខទិវា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំប្រារព្ធព្រះរាជពិធីរុក្ខទិវា នៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំប្រារព្ធព្រះរាជពិធីរុក្ខទិវា មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ចាម ស្នងការនគរបាលខេត្តកំពង់ចាម កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលប្រចាំការនៅទីតាំងនោះ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នារៀបចំទីតាំង ផ្លូវចេញចូល ប្រព័ន្ធភ្លើង ទឹក ចំណតរថយន្ត កន្លែងសង្គ្រោះបឋមជាដើម ជាពិសេសកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងធ្វើយ៉ាងណាឲ្យព្រះរាជ កម្មវិធី រុក្ខទិវាខាងមុខនេះប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពន្លឿនក្នុងការស្ថាបនាផ្លូវ សម្រាប់ព្រះរាជដំណើរយាង របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
បើតាម ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានកំណត់មុខសញ្ញាសម្រាប់អនុវត្តរួមមាន ធ្វើផ្លូវមេចូល១ខ្សែ ប្រវែង ២,៣គីឡូម៉ែត និងផ្លូវបញ្ជៀសចរាចរណ៍ជុំវិញទីកន្លែងប្រារព្វពិធី១ខ្សែ ប្រវែង ១,៦គីឡូ ត្រៀមក្រុមសិល្បៈសម្ដែងក្នុងពេលប្រារព្ធពិធី ត្រៀមនិមន្តព្រះសង្ឃ និងត្រៀមសុន្ទរកថាសម្រាប់ខេត្តកំពង់ចាមផងដែរ។
ការរៀបចំទីតាំងត្រៀមនេះក្រុមការងារបានសម្រេចបានរួមមាន៖ បានផ្សាំដើមធ្នង់ ត្រៀមសម្រាប់ថ្វាយ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដាំជានិមិត្តរូប ត្រៀមទីលានសម្រាប់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ដាំកូនឈើ ក្នុងនោះបានដាំដើមនាងនួន និងធ្នង់បានចំនួន ២ប្លុក ក្នុងចំណោម ៤ប្លុក បានរៀបចំធ្វើផ្លូវថ្មីចំនួន ៩ខ្សែ ក្នុងបរិវេណប្រារព្ធពិធីមានប្រវែងសរុប ៩១០ម៉ែត្រ ដោយបានចាក់ថ្មមិចអស់ ៦១០ម៉ែត្រគូប។
ជាមួយគ្នានេះ ក្រុមការងារកំពុងសាងសង់វេទិកាកណ្តាល ទទឹង ៧,៤ម៉ែត្រ និងបណ្តោយ ១៨,៥មែត្រ អាចដាក់បាន ១៩៥ ទៅ ២០៥នាក់ និងត្រៀមសាងសង់វេទិកាចំនួន ២ទៀត នៅសងខាង (ឆ្វេង និងស្ដាំ) មានទទឹង ៧,៤ម៉ែត្រ និង បណ្តោយ ១១ម៉ែត្រ អាចដាក់បាន ១៣៨នាក់ ទាំងពីរវេទិកា និងបានដាំកូនឈើជាចម្ការលើផ្ទៃដីទំហំ ៨ហិកតា ស្មើនឹង ១០ ៣៨០ដើម រួមមានប្រភេទកូនឈើ នាងនួន ធ្នង់ គ្រញូង បេង និងដាំលម្អជុំវិញតាមដងផ្លូវដោយប្រភេទឈើត្របែកព្រៃ និងក្ងោក ។