ឯកឧត្តម ឈិន កេតនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនៅទីតាំងផ្ទាល់ ស្ដីពីកិច្ចការងារត្រៀមប្រារព្ធពិធីបុណ្យវិសាខបូជា 

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនៅទីតាំងផ្ទាល់ ស្ដីពីកិច្ចការងារត្រៀមប្រារព្ធពិធីបុណ្យវិសាខបូជា នៅបរិវេណឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើតព្រះមហាសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះពុទ្ធបរមគ្រូ នៅភ្នំព្រះរាជទ្រព្យ ឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការនិមន្ត ចូលរួមពីព្រះមន្ត្រីសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។ 

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត អាជ្ញាធរស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ 

ពិធីបុណ្យវិសាខបូជាឆ្នាំនេះ នឹងត្រូវប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរៀបចំចាត់ចែងពិធីបុណ្យឲ្យស័ក្តសមទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការយាង និងនិមន្ត ពីសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងមន្ត្រីសង្ឃសរុប ៨០អង្គ ដែលត្រូវយាង និមន្តបិណ្ឌបាត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។