ឯកឧត្តម ឈិន កេតនា នាំយកអំណោយរបស់អន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ

នៅក្នុងទិវាប្រកបដោយសិរីមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួងចែកជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ប្រមាណជាង១០០នាក់ នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ  ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចការងាររបស់ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ភ ប្រធានមន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ជាពិសេសការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈបំផុតសម្រាប់មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែរួចមក នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសា ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ ដែលព្រះរាជពិធីតែងតែប្រព្រឹត្តទៅក្នុងទម្រង់ជាមហោឡារិកជារៀងរាល់ឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ជាតិ ប្រពៃណីសាសនា និងតាមព្រះរាជបវេណីដ៏ថ្កើនថ្កានរបស់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង ។ 

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ចសុខុមាលភាពទូទៅ និងចូលរួមអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៤០ ឆ្នាំមកនេះ

ហើយបច្ចុប្បន្នសម្តេចគឺជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេសប្រកបដោយសេចក្តីសុខក្សេមក្សាន្ត រហូតមកដល់នាយករដ្ឋមន្ត្រីបន្តវេន អាណត្តិទី៧ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានយ៉ាងស្វាហាប់ និងមោះមុត ក្នុងការថែរក្សានូវខឿនសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។ 

បន្ទាប់អំពីកម្មវិធីសំណេះសំណាងសាកសួរសុខទុក្ខ រួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចែកជូននូវអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងស្រ្តីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សរុបប្រមាណជាង១០០ នាក់  ។ សូមបញ្ជាក់ជូនថាអំណោយដែលចែកជូន ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។