ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំរៀបចំពិធីទទួល និងជូនដំណើរនាយករដ្ឋមន្ត្រី Commonwealth of Dominica ដែលនឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា

នៅសាលប្រជុំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការ ដើម្បីត្រៀមរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរ នាយករដ្ឋមន្ត្រី Commonwealth of Dominica (កុំមិនវែលដូមីនីក) ឯកឧត្តមបណ្ឌិត Roosevelt Skerrit ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានចូលរួមពិ ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធាន អង្គប្រជុំ បានពិភាក្សាលម្អិតពីកិច្ចការដែលត្រូវរៀបចំអំពីការទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ឲ្យបានល្អប្រសើរ ពោលគឺដំណើរទស្សនកិច្ចការងារនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម
Roosevelt Skerrit នាយករដ្ឋមន្ត្រី Commonwealth of Dominica ក្នុងកម្មវិធីរួមមាន៖
ជំនួបសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា , ជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព , ពិធីចុះហត្ថលេខាលើឯកសារ, អាហារការងារថ្ងៃត្រង់ រៀបចំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទស្សនកិច្ចការងារនេះជាការសម្ដែងឲ្យឃើញនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង Commonwealth of Dominica ព្រមទាំងបង្ហាញថាកម្ពុជាតែងតែរាប់អានបណ្ដាប្រទេសនៅលើពិភពលោកជាមិត្ត និងត្រូវការសន្តិភាពពេញបរិបូណ៌ ។ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការ ប្រធានអង្គប្រជុំ បានអំពាវនាវឲ្យអង្គភាពពាក់ព័ន្ធទាំងអស់បន្តសហការឲបានយ៉ាងសកម្ម ដើម្បីធានាឲ្យព្រឹត្តិការណ៍មានភាពរលូន ប្រកបដោយកិត្យានុភាព និងជោគជ័យលើកមុខមាត់ប្រទេសជាតិទាំងឆាកជាតិនិងអន្តរជាតិ ។