ឯកឧត្តម ឈិន កេតនា ដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបទី១៣

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ (គ.ជ.ប.អ.) បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យនិងត្រៀមលក្ខណៈឲ្យបានហ្មត់ចត់បំផុត សម្រាប់រៀបចំ ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
កិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលម្អិតអំពីការបែងចែកភារកិច្ច។
ឯកឧត្តម ឈិន កេតនា បានជម្រាបជូនពីកាលបរិច្ឆេទ និងទីកន្លែងផ្លូវការតាមការសម្រេចរបស់អង្គប្រជុំ ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នឹងត្រូវប្រារព្ធឡើង៖
• នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥
• ទីកន្លែង៖ មណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ
• កម្មវិធីផ្លូវការចាប់ពីម៉ោង ៦:០០នាទី ព្រឹកតទៅ។
ឯកឧត្តម ឈិន កេតនា បានបែងចែកភារកិច្ចសំខាន់ៗ ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវកម្មវិធីប្រព្រឹត្តទៅតាមព្រះរាជប្បវេណី ដោយឡែកគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ សរុបទាំង៦៤ ៖ ១.ត្រូវរៀបចំក្នុងមួយគណៈប្រតិភូ ២១នាក់ ចូលរួមដោយស្លៀកពាក់ឯកសណ្ឋានផ្លូវការសញ្ញាស័ក្តិ និងមាន គ្រឿងឥស្សរិយយសព្យួរ, ២.ត្រូវមានរៀបចំកម្រងផ្កា១ ដែលមានភ្ជាប់នូវរុយបង់ពណ៌ក្រហម សរសេរអក្សរពណ៌លឿងថា៖ “ចងចាំជានិច្ចព្រះរាជគុណូបការៈ ព្រះករុណា ព្រះបរមរតនកោដ្ឋ” រួមជាមួយឈ្មោះស្ថាប័នរបស់ខ្លួន, ៣. ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ និងតុបតែងលម្អតាមស្ថាប័នរៀងៗខ្លួនឲ្យបានសមរម្យ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងបានជម្រាបជូនដល់សមាជិក សមាជិកា អង្គប្រជុំអំពីខ្លឹមសារនៃផែនការណែនាំ និងកិច្ចការចាំបាច់នានា ដែលត្រូវត្រៀមរៀបចំឱ្យបានល្អបំផុត ដើម្បីបង្ហាញពីការគោរពដឹងគុណចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបទី១៣នេះ។
ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ព្រះបិតាឯករាជ្យជាតិ ដែលព្រះអង្គបានលះបង់ពេញមួយព្រះជន្មរបស់ព្រះ ដើម្បីទាមទារឯករាជ្យជាតិ ពីអាណានិគមបារាំង ,កសាងជាតិ និងអភិវឌ្ឍប្រទេសក្នុងសម័យសង្គមរាស្រ្តនិយម, បង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាពឡើងវិញក្រោយសម័យសង្គ្រាម។