ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងកំណត់ទីតាំង និងកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ជាតិសំខាន់ៗចុងឆ្នាំ ២០២៥

ព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ កិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ ។ កិច្ចប្រជុំមានការចូលរួមពីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តក្រចេះ ដើម្បីពិភាក្សាលើការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ជាតិសំខាន់ៗមានដូចជា៖
. ទិវាអក្ខរកម្មជាតិ ៨ កញ្ញា
. ទិវាសន្តិភាពអន្តរជាតិ លើកទី ២៣ ថ្ងៃទី ២១ កញ្ញា ២០២៥
. ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជាលទ្ធផល អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទទៅលើរបៀបវារៈ និងបានសម្រេចនូវចំណុចសំខាន់ៗមួយចំនួន។ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា រៀបចំ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅខេត្តក្រចេះ ក្នុងឆ្នាំ ២០២៥ នេះ ដោយបានកំណត់កាលបរិច្ឆេទជាក់លាក់នៅ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ។ ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់តំណាងក្រសួងអប់រំយុវជននិងកីឡា តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងមន្ទីរ អប់រំយុវជន និងកីឡាខេត្ត សហការរៀបចំប្រារព្ធមីទ្ទិញ មហាជនអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២៥ នៅមុខសាលាខេត្តក្រចេះ ហើយក្រចេះគឺជាខេត្តគោលដៅសម្រាប់ការរៀបចំប្រារព្ធពិធីនាឆ្នាំនេះ។

បន្ទាប់ពីការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុសផុល លើការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ជាតិសំខាន់ៗ អង្គប្រជុំបានសម្រេចបែងចែកភារកិច្ចច្បាស់លាស់ជូនដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នាំនូវលទ្ធផលនៃកិច្ចប្រជុំទៅផ្សព្វផ្សាយ និងអនុវត្តតាមស្មារតីដែលបានឯកភាពគ្នា ដើម្បីធានាបាននូវដំណើរការប្រព្រឹត្តទៅប្រកបដោយរលូន និងជោគជ័យ។