ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជុំវិញការត្រៀមលក្ខណៈរៀបចំ ពិធីបុណ្យមាឃបូជា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការនិមន្ត ចូលរួមពីព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះរាជតំណាងសម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រមទាំងព្រះតំណាងសម្តេចសង្ឃនាយករងជាច្រើនអង្គទៀត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដើម្បីពិភាក្សាស្តីពីការត្រៀមលក្ខណៈរៀបចំការប្រារព្ធពិធីបុណ្យមាឃបូជា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរព្រះគុណ អរគុណចំពោះសមាជិក សមាជិកា អង្គប្រជុំទាំងអស់ ដែលបាននិមន្ត អញ្ជើញចូលរួមប្រជុំ និងបានទូលប្រគេន ជម្រាបជូនអំពីភារកិច្ចត្រូវរៀបចំពិធី បុណ្យមាឃបូជា ឆ្នាំ២០២៦នេះ ឱ្យដំណើរការនឹងប្រព្រឹត្តិទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
ឯកឧត្តម មានប្រសាសន៍ថា÷ បុណ្យមាឃបូជា ត្រូវប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃចន្ទ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ចំនួន១៦ព្រះអង្គ មន្ត្រីសង្ឃ និងព្រះសង្ឃ តាមឋានានុក្រម គម្រប់៨០ព្រះអង្គ នឹងយាងនិមន្តបិណ្ឌបាតក្នុងពិធីបុណ្យមាឃបូជាជាផ្លូវការ។
ឯកឧត្តម ឈិន កេតនា បានណែនាំដល់
តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តភារកិច្ចរៀងៗខ្លួន ពិសេសការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាពនៅទីតាំងបុណ្យ គឺជាអាទិភាពចម្បង ដើម្បីធានាឱ្យបងប្អូនសាសនិកជនអាចចូលរួមធ្វើបុណ្យទានដោយក្តីជ្រះថ្លា និងសុវត្ថិភាព។
ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានឯកភាព កំណត់កាលបរិច្ឆេទ និងទីតាំងសម្រាប់ ប្រារព្ធពិធី ព្រមទាំងបែងចែកភារកិច្ចថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ ជូនក្រសួង រដ្ឋលេខា ធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ សម្រាប់អនុវត្ត។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានសំណូមពរ ទូលប្រគេនព្រះរាជតំណាង ព្រះតំណាង តំណាង និងជម្រាបជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តពាក់ព័ន្ធ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត បានជ្រាប និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឱ្យពិធីបុណ្យជាតិដ៏ធំមួយនេះ ទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។



