ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីកាត់ឬសសីមា នៅខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរជាតិរៀបចបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំព្រះរាជពិធីកាត់ឬសសីមា វត្តកេតកន្យារាម នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលឆាប់ៗខាងមុខនេះ។
និមន្ត និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ព្រះអរិយកស្សប នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តសៀមរាប ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី និងខេត្តពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជម្រាបជូន អង្គប្រជុំ ជ្រាបស្ថានភាពទីតាំងប្រារព្ធព្រះរាជពិធីកាត់ឬសសីមា នៅវត្តកេតកន្យារាម និងកិច្ចការសំខាន់ៗទាំងឡាយ ដែលក្រសួងស្ថាប័ន ខេត្តពាក់ព័ន្ធ ត្រៀមអនុវត្តនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម ឈិន កេតនា បានជម្រាបគ្រប់តំណាងក្រសួងស្ថាប័ន ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដោយស្មារតីសាមគ្គីភាព សហការ និងការទទួលខុសត្រូវខ្ពស់លើរាល់ភារកិច្ចជំនាញទៅតាមក្រសួង ស្ថាប័ន និងខេត្តពាក់ព័ន្ធ ដូចជា ការថ្វាយបដិសណ្ឋារកិច្ច រៀបចំជួសជុលផ្លូវចូលវត្ត តុបតែងសម្អាតទីតាំងប្រារព្ធព្រះរាជពិធី ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍តាមដងផ្លូវនានាដែលពាក់ព័ន្ធ ដើម្បីថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងឥស្សរជនថ្នាក់ដឹកនាំកំពូលជាតិ ឱ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានទូលប្រគេនព្រះអរិយកស្សប នង មាណវោ ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ ព្រះមេត្តាជួយចាត់ចែងដោយទឹកព្រះទ័យជ្រះថ្លា និងសំណូមពរសមាជិក សមាជិកាអង្គប្រជុំ ទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី និងខេត្តពាក់ព័ន្ធ បានជ្រាប និងសហការអនុវត្ត ឱ្យទទួលបានលទ្ធផលប្រសើរ។



