ឯកឧត្តម ឈិន កេតនា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

នៅល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានសម្តែងនូវការពេញចិត្ត និងកោតសរសើរចំពោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងបេសកកម្មរបស់ឯកឧត្តម និងបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បន្តពង្រឹងកិច្ចការងារសហការឲ្យកាន់តែជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅរាជធានីភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកចូលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន ។