ឯកឧត្តម ឈិន កេតនា ÷ ព្រះរាជពិធី “រុក្ខទិវា” ឆ្នាំនេះ ស្ថិតនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា ព្រះរាជពិធី “រុក្ខទិវា” ឆ្នាំនេះ ស្ថិតនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំប្រារព្ធព្រះរាជពិធី រុក្ខទិវា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តក្រចេះ ។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានជម្រាប ជូនអំពីអត្ថន័យ និងសារសំខាន់នៃពិធី “រុក្ខទិវា” ០៩ កក្កដា ដែលជាព្រះមរតកដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់កងកម្លាំងទាំងអស់ ពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងធ្វើយ៉ាងណាឲ្យព្រះរាជកម្មវិធី រុក្ខទិវាខាងមុខនេះប្រព្រឹត្តទៅដោយរលូន ពិសេសត្រូវពន្លឿនក្នុងការស្ថាបនាផ្លូវ សម្រាប់ថ្វាយព្រះរាជដំណើរយាង របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្រោយពីបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទ និង បែងចែកភារកិច្ចជូនដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ព្រមទាំងសហការអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។