ឯកឧត្តម ឈិន កេតនា ÷ កម្ពុជាត្រៀមទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីហ្វីលីពីនដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែស៊ីជម្រៅ ព្រះរាជាណាចក្រកម្ពុជាកំពុង ត្រៀមលក្ខណៈដើម្បីទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos) ព្រមទាំងគណៈប្រតិភូ ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។

​នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជីអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ (គ.ជ.ប.អ.) ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពីទីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន  ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងន័យពិភាក្សាផ្តោតលើការរៀបចំពិធីទទួល និងជូនដំណើរឲ្យបានល្អឥតខ្ចោះ។

កម្មវិធីសំខាន់ៗដែលនឹងពង្រឹងចំណងមិត្តភាពតាមរយៈកិច្ចប្រជុំបានបញ្ជាក់ថា គណៈប្រតិភូហ្វីលីពីននឹង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។ 

ជំនួបថ្នាក់ដឹកនាំកម្មវិធីសំខាន់បំផុតគឺកិច្ចប្រជុំកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីនេះ នឹងមានជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ជំនួបទាំងនេះត្រូវបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការទូត និងសន្តិសុខក្នុងតំបន់។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំបដិសណ្ឋារកិច្ច ទទួលនិងជូនដំណើរគណៈប្រតិភូ គឺត្រូវសុវត្ថិភាពខ្ពស់បំផុត ដើម្បីធានាថាដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន ក្នុងន័យនេះគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានបែងចែកភារកិច្ចយ៉ាងច្បាស់លាស់ទៅដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ការរៀបចំនេះមិនត្រឹមតែផ្តោតលើពិធីការការទូតប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់លើការទទួលស្វាគមន៍ដ៏កក់ក្តៅ និងសុវត្ថិភាពជូនគណៈប្រតិភូផងដែរ។ ក្រុមការងារពិធីការរបស់កម្ពុជាបាននឹងកំពុងត្រួតពិនិត្យ និងសម្របសម្រួលគ្រប់ផ្នែកទាំងអស់ ចាប់ពីការមកដល់នៅអាកាសយានដ្ឋាន ការធ្វើដំណើរតាមដងផ្លូវ ការស្នាក់នៅ និងកម្មវិធីទាំងអស់ ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុត។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន។