ឯកឧត្តម ឈិន កេតនា៖ បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលប្រជុំ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិ រៀបចំបុណ្យជាតិអន្តរជាតិ បានមានប្រសាសន៍ថា សមិទ្ធផលដែលរៀបចំពិធីសម្ពោធនាឱកាសនេះ គឺជាការបង្ហាញពីភាពរឹងមាំប្រកបដោយ មោទនភាពក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុង ដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការ អភិវឌ្ឍលើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ។ 

ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានប្រារព្ធឡើងនៅភូមិទួលរការ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

ការចុះបំពេញភារកិច្ចនៅមូលដ្ឋាននេះ ជាបឋម សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញក្នុងពិធីកាត់ខ្សែបូរ  ជានិមត្តិរូបនៃការសម្ពោធបើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវសាលប្រជុំ និងសមិទ្ធផលនានាជាច្រើន ដើម្បីបានប្រើប្រាស់ជាឧត្តមប្រយោជន៍ ចាប់តាំងពីពេលនេះជាដរាបតរៀងទៅ។

បន្ទាប់ពីលោក ចេង ចាន់ដូណា អភិបាលនៃអភិបាលស្រុកបរិបូរណ៍ បានថ្លែងសុន្ទរកថា ស្វាគមន៍ជូនអង្គពិធីរួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានអញ្ជើញថ្លែងសន្ទរកថា ដោយបានមានប្រសាសន៍ថា សាលប្រជុំ និងសមិទ្ធផលនានាដែលសម្ពោធ នៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ថ្មីសន្លាង មិនត្រឹមតែបម្រើឱ្យពិធីជួបជុំសំណេះសំណាលក្នុងឃុំមេលំប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សម្រាប់ការជួបជុំធ្វើពិធីបុណ្យជាតិ បុណ្យប្រពៃណី បុណ្យសាសនា និងការរៀបអាពាហ៍ពិពាហ៍ផងដែរ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា សមិទ្ធផលនានារបស់ឃុំមេលំ ក៏ដូចជាសមិទ្ធផលជាតិ ស្រឡាញ់ ការពារសុខសន្តិភាពដែលបានកើតចេញ ពីការខិតខំប្រឹងប្រែងរបស់វីរបុរសស្នេហាជាតិឱ្យបានគង់វង្សតកូនតចៅ ប្រឆាំងដាច់ខាតការញុះញង់ បំបែកបំបាក់របស់ជនអគតិមាន គំនិតចង់បំផ្លាញសមិទ្ធផលសន្តិភាពនៅមូលដ្ឋានភូមិ ឃុំយើង ក៏ដូចជា ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះដែរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ជម្រាបជូននូវព្រះរាជបណ្តាំ សួរសុខទុក្ខ និងព្រះរាជហឫទ័យនឹករលឹកដ៏ជ្រាលជ្រៅអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងសេចក្តីនឹករលឹកសាកសួរសុខទុក្ខអំពីថ្នាក់ដឹកនាំកំពូលជាតិមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងឱកាសនេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍បន្តថា ប្រជាជាតិកម្ពុជាមានមោទនភាពណាស់ ដោយមានថ្នាក់ដឹកនាំកំពូលរបស់ជាតិយើង បានដឹកនាំកសាងសេចក្តីសុខសន្តិភាពជូនមាតុប្រទេស និង ដឹកនាំក្នុងការស្តារ និងការអភិវឌ្ឍសង្គមជាតិឡើងវិញយ៉ាងសកម្មលើគ្រប់វិស័យ។

គួរបញ្ជាក់ជូនថា សាលប្រជុំនេះ មានទទឹង ៩ម៉ែត្រ និងបណ្តោយ ៣៣,៣០ម៉ែត្រ ក្រាលថ្មម៉ាប ដំបូលប្រក់ហ្វីប្រូ ដោយបានចាប់ផ្តើមសាងសង់ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។ ក្រៅពីការចាក់ដីបំពេញកន្លុកឱ្យដី រាបស្មើ ក៏បានជួសជុលកែលម្អលាបលនបុស្បុកតម្កល់ «ថ្មបុរាណ» និង «គល់ឈើ» លាបលន ទីស្នាក់ការឡើងវិញ ធ្វើបន្ទប់ទឹក និងបន្ទប់អនាម័យ ៥បន្ទប់ របងថ្មព័ទ្ធជុំវិញ ខ្លោងទ្វារមុខក្រោយ របងខាងមុខ បំពាក់អំពូលភ្លើងសូឡា ស៊ីទែនផ្ទុកទឹក ទិញតុ កៅអីឈើ និងកៅអីជ័រ ដោយចំណាយ ប្រាក់សរុបចំនួន ៩៥,៤០០ ដុល្លារអាម៉េរិក។ នៅក្នុងឳកាសនៃពិធីសម្ពោធនោះដែរ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធី ដែលមកពីភូមទាំង៥ ក្នុងឃុំមេលំ ម្នាក់ៗទទួលបាន សារុង១ ក្រម៉ា១ និងថវិការមួយចំនួន ព្រមទាំងភេសជ្ជៈ គិតជាថវិការជាង៤០លានរៀលផងដែរ៕