ឯកឧត្តម ឈិន កេតនា៖ កម្ពុជា នឹងប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ (លើកទី១) ក្នុងឱកាសខួប ៣២ ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីត្រៀមលក្ខណៈរៀបចំ ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី១) ក្នុងឱកាសរំលឹកខួប ៣២ ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលនឹងប្រារព្ធឡើងយ៉ាងអធិកអធម នៅ នីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាពេលខាងមុខ ។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ និងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានកិច្ចប្រជុំ បានលើកឡើងថា ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គឺជាពិធីប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលបង្ហាញពីក្តីគោរព និងការចងចាំចំពោះ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ភ្ជាប់ និងថែរក្សានូវតម្លៃនៃសន្តិភាព សិទ្ធិ និងប្រជាធិបតេយ្យសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស និងឯកភាពលើការបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមស្មារតីនៃផែនការដែលបានកំណត់។
ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសួនច្បារខាងលិច វិមានឯករាជ្យ ហើយគណៈប្រតិភូក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីភ្នំពេញ ទាំង ៦៤ ស្ថាប័ន ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានក្រពុំបិណ្ឌ ផ្កាឈូក១ដោយរៀបផ្កាឈូកស្រស់៩ថ្នាក់ មានទម្រពណ៌មាស ភ្ជាប់ដោយរុយបង់ព័ទ្ធជុំវិញក្រពុំបិណ្ឌ ផ្កាឈូក ដើម្បីអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសំណូមពរដល់សមាជិក សមាជិកា អង្គប្រជុំទាំងអស់អញ្ជើញត្រឡប់ទៅវិញរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងសហការអនុវត្តតាមស្មារតីអង្គប្រជុំឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។
ពិធីជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ និងក្លាយទៅជាការលើកស្ទួយតម្លៃរដ្ឋធម្មនុញ្ញ និងបន្តការផ្សព្វផ្សាយចំពោះសាធារណជន ពិសេសយុវជននិងអ្នកបន្តវេនជំនាន់ក្រោយឲ្យបានយល់ដឹង និងមានក្តីមោទនភាពក្នុងនាមជាពលរដ្ឋកម្ពុជា។