ឯកឧត្តម ឈាន លាង៖ កម្ពុជា និងបណ្តាញសារព័ត៌មានអាស៊ី ប្រកាសប្ដេជ្ញាថែរក្សាសន្តិភាពតំបន់

ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការកសាងសហព័ន្ធដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានជាមួយបណ្តាប្រទេសផ្សេងៗ នៅក្នុងការបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តលើគ្នារវាងបណ្តាប្រទេសនានាលើពិភពលោក។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៏ខេត្តយូណាន, សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

ចំពោះកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តម ឈាន លាង វាយតម្លៃខ្ពស់ថា កិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៏ មានសារៈសំខាន់ក្នុងការកសាងការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន វាជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការរួមគ្នាឆ្ពោះទៅរកវឌ្ឍនភាពរួមនៃប្រទេសសមាជិកក្នុងតំបន់។ ប្រទេសកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសហព័ន្ធនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានជាមួយប្រទេសផ្សេងៗ។

នៅក្នុងសន្ទរកឋារបស់ឯកឧត្តម ឈាន លាង តំណាងឱ្យ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដែរថា  ប្រព័ន្ធផ្សព្វផ្សាយបាន និងកំពុងដើរតួនាទីដែលមិនអាចខ្វះបានក្នុងការបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តលើគ្នារវាងបណ្តាប្រទេសនានាលើពិភពលោក។ ចាប់តាំងពីសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ២០២៤កន្លងមក វាបានក្លាយជាវេទិកាដ៏មានសារសំខាន់សម្រាប់ការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងការរួមគ្នាឆ្ពោះទៅរកវឌ្ឍនភាពនៃបណ្តាប្រទេសនានាក្នុងតំបន់។ ទន្ទឹមនេះ ប្រទេសកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសហព័ន្ធដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានជាមួយបណ្តាប្រទេសផ្សេងៗ។

នៅក្នុងទំនាក់ទំនងកម្ពុជា និងចិន ឯកឧត្តម ឈាន លាង ក៏បានរំលេចនៅក្នុងសន្ទរកឋាដែរថា ប្រទេសកម្ពុជា ក្រោមការ ដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ ឱ្យ ទំនាក់ទំនងរវាង ប្រទេសកម្ពុជា និងប្រទេសចិន កាន់តែជិតស្និតជាងពេលណាៗទាំងអស់ ដោយបានជំរុញប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលត្រូវបានប្រសិទ្ធិនាមថាជា «មិត្តភាពដែកថែប»។

សូមជម្រាបជូនថា កិច្ចប្រជុំប្រចាំឆ្នាំនៃ សហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៏ នាពេលនេះមាន មកពីអង្គភាពសារព័ត៌មានជាតិ និងអន្តរជាតិ មកពីប្រទេសអាស៊ីអាគ្នេយ៍ ១០ ប្រទេស និងប្រទេសអាស៊ីខាងត្បូងជាច្រើនទៀត នៅក្នុងនោះ គណៈប្រតិភូមកពីកម្ពុជា គឺឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មានមាន តំណាងឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបណ្ដាសារព័ត៌មានផ្សេងជាច្រើន ក្នុងនោះក៏មានសារព័ត៌មានត្រយងញូវស៍ចូលរួមដែរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើ គឺពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មានរវាងប្រទេសក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នៅក្នុងវេទិកាវិជ្ជាជីវៈ កិច្ចប្រជុំក៏បានពិភាក្សាអំពី បញ្ហាប្រឈមសារព័ត៌មានទំនើប រួមទាំង សង្គ្រាមព័ត៌មាន (Information Warfare) និង ព័ត៌មានបំពុល (Fake News) ដើម្បីជំរុញ ស្តង់ដារអាជីព និង ការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ។