ឯកឧត្តម ជុំ កុសល បិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលរៀបចំឡើងសម្រាប់មន្រ្តីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពការងារសារព័ត៌មានឱ្យកាន់តែមាន ប្រសិទ្ធភាពស្របតាមបរិបទឌីជីថលនាពេលបច្ចុប្បន្ន,
ភ្នំពេញ៖ បន្ទាប់ពីដំណើរការរយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ជូនដល់មន្ត្រីជំនាញបច្ចេកទេស និងអ្នកសារព័ត៌មាន ចំនួនជាង ១០០នាក់ បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ជុំ សុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដោយផ្តោតលើការបណ្តុះបណ្តាលទាក់ទងនឹងជំនាញសរសេរព័ត៌មាន ការផលិតខ្លឹមសារឌីជីថល ការថតរូប និងវីដេអូ ការផ្សាយព័ត៌មានតាមបណ្តាញសង្គម ព្រមទាំងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្សព្វផ្សាយព័ត៌មានក្នុងសម័យទំនើប។
ឯកឧត្តម ជុំ កុសល បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គ្រូបង្គោល និងសិក្ខាកាមទាំងអស់ ហើយបានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់យកនូវចំណេះដឹងដែលបានរៀន ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សិក្ខាកាមថ្ងៃនេះ អាចក្លាយជាគ្រូបង្គោល
និងជាអ្នកបន្តចែករំលែកចំណេះដឹងដល់អ្នកដទៃនាពេលខាងមុខ។
ឯកឧត្តម បានលើកឡើងថា អ្នកសារព័ត៌មាន ទោះមានជំនាញ និងបទពិសោធន៍យ៉ាងណាក៏ដោយ បើខ្វះក្រមសីលធម៌ តម្លៃវិជ្ជាជីវៈក៏នឹងបាត់បង់។ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសង្គម។ ព័ត៌មានដែលមានគុណភាព និងការផ្សព្វផ្សាយត្រឹមត្រូវ អាចជួយឱ្យសាធារណជនទទួលបានការយល់ដឹងកាន់តែប្រសើរ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារ ដើម្បីចូលរួមផលិតព័ត៌មានដែលមានគុណភាព មានភាពត្រឹមត្រូវ ឆាប់រហ័ស និងមានវិជ្ជាជីវៈខ្ពស់ សំដៅរួមចំណែកលើកកម្ពស់វិស័យព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា៕



