ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា (៨-មីនា-២០២៦) ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
ស្វាយរៀង ៖ រដ្ឋបាលក្រុងស្វាយរៀង បាន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា (៨-មីនា-២០២៦) ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នាក្រុងស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង និងមានការចូលរួមពី លោកស្រី ជាភរិយាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិ ក្នុងក្រុង សរុបប្រមាណ ១៥០នាក់។
ការប្រារព្ធទិវានេះឡើង គឺក្នុងគោលបំណងរំលឹកដល់ការតស៊ូរបស់នារីនៅទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី មានការលើកឡើងនូវប្រធានបទដែលមានខ្លឹមសារស្របទៅនឹងបរិបទរបស់ប្រទេស ដែលជំរុញឱ្យមានការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងគ្រប់វិស័យ ដើម្បីស្ត្រីបានចូលរួមចំណែកថែរក្សា ការពារសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម សេចក្តីសុខចម្រើន និងបង្កើនសេដ្ឋកិច្ចរបស់ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិជាពិសេសការសម្របខ្លួនប្រកបដោយភាពធន់ ក្នុងស្ថានភាពដែលនយោបាយពិភពលោកកំពុងមានមានការប្រែប្រួលឥតឈប់ឈរ៕



