ឯកឧត្តម ជា សុមេធី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់នាយទាហាន និងពលទាហាន យោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលជានាយទាហាន និងពលទាហាន ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងពិធីដ៏មានអត្ថន័យនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម សរ ពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែងនូវរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងការគិតគូរខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនកងទ័ពទាំងអស់ដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមោះមុត ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា៖

“កងទ័ពគឺជាបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋ។ ការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូន គឺជាខឿនការពារជាតិដ៏មានប្រសិទ្ធភាពបំផុត ដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសជានិច្ចកាលតែងតែផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តជានិច្ចគ្រប់កាលៈទេសៈ”។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែន ឯកឧត្តម រដ្ឋមន្ត្រីបានប្រកាសយ៉ាងច្បាស់នូវជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់វិធានការរបស់រាជរដ្ឋាភិបាល មិនថាតាមផ្លូវច្បាប់ ផ្លូវទូត ឬការប្រើប្រាស់កម្លាំងសរុបដើម្បីការពារទឹកដី។ ជាពិសេស ឯកឧត្តមបានបង្ហាញនូវភាពជឿជាក់លើចំណាត់ការនានាក្នុងការដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយសារសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង (ថៃ) ដើម្បីធានាបាននូវសុវត្ថិភាព និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

អំណោយដែលបានប្រគល់ជូនរួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ៦គ្រឿង, ម៉ាស៊ីនព្រីនធ័រ ខ្នាតA3 ចំនួន ២គ្រឿង, វិទ្យុទាក់ទងចល័ត10W ចំនួន ២៥គ្រឿង, វិទ្យុទាក់ទងលើតុ50W ចំនួន ៥គ្រឿង, ស័ង្កសី 3m ចំនួន ១,០០០សន្លឹក, ទឹកក្រូច ៥០កេស, ទឹកសុទ្ធ ១០០កេស, មី ១០០កេស, ត្រីខ ២០កេស, កាហ្វេ ៤កេស, អង្រឹង ចំនួន ១០០, ធុងទឹក 35L ចំនួន ១០០ធុង, ថវិកាសម្រាប់អង្គភាពចំនួន ១០លានរៀល និងជូនថវិកាមួយចំនួនដល់វីរៈកងទ័ព។