ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមការងារចុះមូលដ្ឋានស្រុកពាមជរ ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋចំណាកស្រុក ដែលបានវិលត្រឡប់ពីប្រទេសថៃ, គ្រួសាររបស់វីរកងទ័ព, ពលរដ្ឋភៀសសឹក និងគ្រួសារដែលមានជីវភាពខ្វះខាត

ដើម្បីជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋចំណាកស្រុក ដែលបានវិលត្រឡប់ពីប្រទេសថៃ, គ្រួសាររបស់វីរកងទ័ព ដែលឈរជើងនៅសមរភូមិមុខ, ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកពាមជរ ខេត្តព្រែវែង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ សំភារៈប្រើប្រាស់ រួមទាំងថវិកាមួយចំនួនផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ជា សុមេធី បានពាំនាំប្រសាសន៍សាកសួរទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត,សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋចំណាកស្រុក ដែលវិលត្រឡប់ពីប្រទេសថៃ, គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ, ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារមានជីវភាពខ្វះខាត នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។
ឯកឧត្តម ជា សុមេធី បន្តទៀតថា ការចូលរួមចំណែកនាពេលនេះ គឺការជួយសម្រាល ដោះស្រាយស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ។ ជាពិសេស ជាការដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាង របស់វីរកងទ័ពជួរមុខយើង ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងប្តេជ្ញាចិត្តខ្ពស់ បន្តរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ការពារសុខសន្តិភាពជូនមាតុភូមិ ជាពិសេសតំបន់តាមបន្ទាត់ព្រំដែន ដើម្បីជាគុណប្រយោជន៍ដល់ជីវភាពរស់នៅ ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ និងកសាងប្រទេសជាតិតទៅមុខទៀត។
ឯកឧត្តម ជា សុមេធី បានបញ្ជាក់ដែរថា អំណោយទាំងអស់នេះ គឺបានមកពីទឹកចិត្តបរិសុទ្ធ របស់សប្បុជន និងក្រុមការងារទាំងអស់ ដែលប្រកបដោយសាមគ្គីភាពរឹងមាំ ក្នុងនាមជាប្រជាជាតិខ្មែរ ស្រឡាញ់មាតុភូមិកម្ពុជា និងស្រឡាញ់សន្តិភាព។