ឯកឧត្តម ជា សុមេធី ចូលរួមអបអរសាទរ ទិវាជនមានពិការភាព គ-ថ្លង់ កម្ពុជា លើកទី១៣ និងអន្តរជាតិ លើកទី៦៨ ឆ្នាំ២០២៥

ឯកឧត្តម ជា សុមេធី ចូលរួមអបអរសាទរ ទិវាជនមានពិការភាព គ-ថ្លង់ កម្ពុជា លើកទី១៣ និងអន្តរជាតិ លើកទី៦៨ ឆ្នាំ២០២៥

ដើម្បីកំណើនប្រសិទ្ធភាពការងារ សមធម៌ និងចីរភាព សំដៅធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច បង្កើតឪកាសការងារឱ្យបានកាន់តែច្រើន ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តខិតខំអនុវត្ត ឱ្យកាន់តែទទួលបានជោគជ័យ និងសម្រេចឱ្យបាន នូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណ ភាពស្ថាប័នធានា ឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយផ្តល់អាទិភាពគន្លឹះលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅធំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដូចដែលបាន កំណត់យ៉ាងច្បាស់លាស់រួចហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងឱកាស ទិវាជនមានពិការភាព គ-ថ្លង់ កម្ពុជា លើកទី១៣ និងអន្តរជាតិ លើកទី៦៨ ក្រោមប្រធានបទ “រួមគា្នយល់ដឹង អំពី ភាសាសញ្ញានៅក្នុងសង្គម»។

ស្របពេលជាមួយ និងពិធីអបអរ ក្រោមប្រធានបទ នៃទិវាជនមានពិការភាព គ-ថ្លង់ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា សុមេធី បានផ្ដល់ជាអនុសាសន៍សំខាន់ៗ មួយចំនួន ដូចជា -ក្រសួង-ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ត្រូវរួមគ្នារៀបចំកែសម្រួលជាសុកវត្ថុ និងផាសុកសមរម្យ នៅតាមទីសាធារណៈ កន្លែងការងារសម្រាប់ជន មានពិការភាពគ-ថ្លង់ ទទួលបានដំណឹង និងព័ត៌មាននានា រួមមាន៖ ស្លាកសញ្ញា ផ្ទាំងផ្តល់ព័ត៌មាន អ្នកបក ប្រែភាសាសញ្ញា នៅតាមកម្មវិធីនានា ភាសាសញ្ញា និងអក្សររត់នៅតាមទូរទស្សន៍ បណ្ដាញសង្គមនានា និង បច្ចេកវិទ្យាឌីជីថល,

-គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាព ឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយដាក់បញ្ចូល ការងារពិការភាព ទៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ ក្រសួង-ស្ថាប័ន និងអង្គភាពនីមួយៗ, 

-អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ ត្រូវសហការជាមួយវិទ្យាស្ថានជាតិ សង្គមកិច្ច និងអ្នកពាក់ព័ន្ធ រៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ភាសាសញ្ញាដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជាគំរូសម្រាប់មន្ត្រីរាជការនៃក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្តល់សេវាជូនជនមានពិការភាពគ-ថ្លង់ និងជនមានពិការភាពគ-ថ្លង់ មិនត្រូវអស់សង្ឃឹម ឬបោះបង់ការខិតខំរបស់ខ្លួនឡើយ ត្រូវអភិវឌ្ឍ សមត្ថភាពខ្លួន ដោយការប្រែក្លាយពិការភាពរបស់ខ្លួន ទៅជាសក្តានុពល និងថាមពល ដើម្បីជម្នះគ្រប់ ឧបសគ្គចំពោះមុខ សម្រេចបានតាមគោលដៅរបស់ខ្លួន។ 

ឯកឧត្តម រដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិបាលជាតិ-អន្តរជាតិ ដែលជានិច្ចកាល តែងតែចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រលើការងារ ពិការភាព ជាពិសេស សម្រាប់ការរៀបចំទិវាជនមានពិការភាពគ-ថ្លង់ កម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី ៦៨ ឆ្នាំ២០២៥នេះ ប្រកបដោយជោគជ័យ ក្នុងគោលដៅ លើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។