ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី នាំយកផលិតផលវប្បធម៌ និងទេសចរណ៍ បង្ហាញដល់បរទេសក្នុងមហោស្រពអាស៊ី លើកទី៥ នៅទីក្រុងSofia ប្រទេសប៊ុលហ្គារី ក្រោមប្រធានបទ “រួបរួមក្នុងភាពចម្រុះ”

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារី ចូលរួមមហោស្រពអាស៊ីលើកទី៥ នៅទីក្រុង Sofia ប្រទេសប៊ុលហ្គារីក្រោមប្រធានបទ “រួបរួមក្នុងភាពចម្រុះ”។ ជាមួយនឹងការចួលរួមមហោស្រពនេះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានរៀបចំស្តង់ដាក់តាំងបង្ហាញនូវវីដេអូអំពីប្រទេសកម្ពុជា បញ្ជាក់ពីវប្បធម៌ ទេសចរណ៍ តាំងបង្ហាញផលិតផលខ្មែរមួយចំនួន មានក្រមាខ្មែរ ម្ហូបអាហារខែ្មរ បង្ហាញដល់អ្នកចូលរួមបានស្គាល់ពីកម្ពុជាកាន់តែច្រើន និងបង្កើនមិត្តបរទេសឲ្យស្គាល់ខ្មែរកាន់តែច្រើន ដោយអ្នកចូលរួមសុទ្ធសឹងជាមន្ត្រីរដ្ឋាភិបាល និងទូត អ្នកតំណាងនៃបេសកកម្មទូតនានា ដោយពិធីនេះបានធ្វើឡើង នៅ South Park II ក្រុង Sofia ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងពីធីបើក មានវត្តមានអញ្ជើញចូលរួមពី អនុប្រធានាធិបតីប៊ុលហ្គារី លោកជំទាវ Iliana Iotova និងអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៊ុលហ្គារី-អភិបាលរងក្រុងសូហ្វីយ៉ា ព្រមទាំងអ្នកការទូតមកពីស្ថានទូតអាស៊ីនានា។
លោកជំទាវអនុប្រធានាធិបតី Iotova បានសង្កត់ធ្ងន់លើតួនាទីរបស់កម្មវិធីនេះ ក្នុងការលើកកម្ពស់ការរួបរួម និងការយល់ដឹង។ នេះគឺជាឧបករណ៍ដ៏ល្អបំផុតប្រឆាំងនឹងការបែងចែកជាតិសាសន៍ ព្រោះបានបង្កប់នូវមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កាលណាយើងស្គាល់គ្នាកាន់តែច្រើន យើងអាចរស់នៅជាមួយគ្នាកាន់តែច្រើន និងជៀសវាងជម្លោះ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានបង្ហាញដល់លោកជំទាវអនុប្រធានាធិបតីប៊ុលហ្គារី និងអ្នកការទូត អ្នកចូលរួមពិធីនេះ នូវផលិតផលរបស់ខ្មែរ អង្គរវត្ត និងក្រមាខ្មែរផងដែរ។ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រមា ឬ កន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិ និង ជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងសង្គមខ្មែរ ក្រមាត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង។ ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិ និងសាសនា ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។
អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៊ុលហ្គារី បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទេសចរណ៍ សម្រាប់ប៊ុលហ្គារី។ ឯកឧត្តមបានមានប្រសាសន៍ថា “កម្មវិធីនេះ គឺជាស្ពានរវាងវប្បធម៌ និងទេសចរណ៍ ផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ និងជួយកំណត់ទីតាំងប៊ុលហ្គារី ជាគោលដៅស្វាគមន៍សម្រាប់វប្បធម៌ចម្រុះ។
តាមរយៈសម្មភាពដ៏ល្អនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ប៊ុលហ្ការី តាមរយៈពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងវិស័យផ្សេងៗ និងបានបញ្ចាក់ថា ភាពសម្បូរបែបនៃវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ដូចជា តន្រ្តី សិល្បៈប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្រ្តរបស់យើង ដើរតួជាទ្វារ ដែលយើងអាចជំរុញឱ្យប្រជាជនកម្ពុជាមកកាន់ប៊ុលហ្គារី និងប្រជាជនប៊ុលហ្គារី ទៅកាន់កម្ពុជា ក៏ដូចជាប្រជាជនប្រទេសផ្សេងៗទៅកម្ពុជា។ កម្ពុជាស្វាគមន៍ និងចងមិត្តជាមួយគ្រប់ប្រទេសដើម្បីផលប្រយោជន៍ទៅវិញទៅមក ៕